អតីត​ខ្សែ​ការពារ​ក្លឹប Manchester United លោក Nemanja Vidic បាន​សរសេរ​វិចារណកថា​នៅ​ក្នុង​គេហទំព័រ The Athletic នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ​ថា ខ្សែ​ការពារ​ Harry Maguire ពេល​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ហាក់​បី​ដូច​ជា​មាន​ភាព​ជឿជាក់​ជាង​ពេល​លេង​នៅ​ក្លឹប Manchester United។

Nemanja Vidic
Nemanja Vidic

បុរស​ជនជាតិ​ស៊ែប​រូប​នេះ​បាន​សរសេរ​ថា៖ ” Harry Maguire មើល​ទៅ​ដូច​ជា​លេង​បាល់​ប្រកប​ដោយ​ភាព​ជឿជាក់ និង​ទំនុក​ចិត្ត​នៅ​ពេល​លេង​ឲ្យ​ក្រុមជម្រើស​ជាតិ ជា​ជាង​ពេល​លេង​នៅ​ក្លឹប។ គេ​ជា​ខ្សែ​ការពារ​ ដែល​នៅ​បន្ត​បង្កើន​សមត្ថភាព​ តែ​ប្រសិន​បើ​គេ​ចង់​មាន​ឈ្មោះ​ល្បី​បោះ​សំឡេង​នៅ​កម្រិត​កំពូល​ណា​មួយ គេ​ត្រូវ​តែ​លេង​ឲ្យ​ឈ្នះ​ពាន ” ។

” នៅ​ពេល​ខ្ញុំ​មើល​ទៅ​កាន់ Maguire ខ្ញុំ​ឃើញ​គេ​ល្អ​គ្រប់​យ៉ាង​ហើយ ខ្ញុំ​ឲ្យ​ពិន្ទុ​គេ ៨/១០។ គេ​មិន​ទាន់​ល្អ​ពេល​លេង​ជាមួយ​បាល់ ឬ លឿន​ដូច​ជា Rio Ferdinand ហើយ​គេ​មិន​ឈូស​បាល់ ឬ តែត​បាល់​ចេញ​ល្អ​ដូច​ខ្ញុំ តែ​គេ​មាន​គុណភាព​ពេញ​ប្រកួត​របស់​គេ។ គេ​លឿន​ល្មម គេ​ខ្លាំង​ល្មម​ គេ​អាច​លោត​ និង​អាច​លេង​បាល់​បាន ហើយ​គេ​ឈរ​នៅ​ទីតាំង​ត្រឹម​ត្រូវ​មួយ ” ។

Maguire ពេល​នេះ​មាន​អាយុ ២៨ឆ្នាំ​ហើយ។ កីឡាករ​រូប​នេះ​បាន​ផ្លាស់​មក​កាន់ Manchester United កាល​ពី​ឆ្នាំ២០១៩ ខណៈ​ជាប់​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ២០១៧​មក។ កីឡាករ​រូប​នេះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​អំឡុង​ប្រកួត​នៅ​ព្រឹត្តិការណ៍ UEFA Euro 2020៕