អត់ទាន់ប្រកាសទិញជាផ្លូវការផង Real គិតគូររឿងធ្វើពិធីស្វាគមន៍ Mbappe បាត់ទៅហើយ
ក្លឹប Real Madrid ត្រូវបានសារព័ត៌មានអេស្ប៉ាញ Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា ក្លឹបនេះកំពុងគិតគូររៀបចំពិធីស្វាគមន៍ខ្សែប្រយុទ្ធ Kylian Mbappe មុនបាត់ទៅហើយ ខណៈមិនទាន់ប្រកាសទិញបានពីក្លឹប Paris Saint Germian ជាផ្លូវការផងនោះ។

បើតាមប្រភពដដែលនេះ Real សង្ឃឹមថា Mbappe នឹងមិនចូលលេងជាមួយ PSG តទល់នឹង Reims នៅថ្ងៃអាទិត្យខាងមុខនេះ ដូច្នេះពួកគេអាចប្រកាសជាផ្លូវការក្នុងការទិញបានខ្សែប្រយុទ្ធរូបនេះនៅថ្ងៃអាទិត្យខាងមុខហ្នឹងតែម្ដង ឬយ៉ាងយូរត្រឹមថ្ងៃច័ន្ទខាងមុខនេះ។
នៅខណៈនេះក្លឹបអេស្ប៉ាញខាងលើនេះកំពុងសិក្សា ២ជម្រើសធំៗក្នុងការអបអរ Mbappe មកដល់ក្លឹបរបស់ខ្លួននៅពេលខាងមុខនេះឲ្យបានធំតែម្ដង នៅពេលដែលគេត្រលប់ពីប្រកួតឲ្យក្រុមជម្រើសជាតិវិញ តែធ្វើយ៉ាងណាឲ្យត្រូវតាមវិធានការណ៍ទប់ស្កាត់កូវីដ-១៩ របស់ប្រទេសអេស្ប៉ាញដែលបានកំណត់។
ជម្រើសទី១គឺ Real Madrid នឹងគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ឬថ្ងៃទី១០ នៃខែកញ្ញា ឆ្នាំ២០២១ខាងមុខ នៅក្នុងទីធ្លាបើកចំហដ៏ធំមួយនៅឯ Valdebebas ដើម្បីស្វាគមន៍ឲ្យមានអ្នកគាំទ្រឲ្យបានច្រើនចូលរួមជាមួយគ្នា។
ជម្រើសទី២ក្លឹបមួយនេះនឹងរៀបចំនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនៅទីលាន Estadio Santiago Bernabeu ដែលទើបតែកែសម្រួលថ្មីរួចរាល់ តែមិនអាចទទួលអ្នកគាំទ្រឲ្យបានច្រើនកុះករនោះទេ ដោយសារតែច្បាប់កូវីដ-១៩កំណត់៕