អត្តពលិកកម្ពុជា ទទួលវគ្គបំប៉នវិន័យ មុនកីឡាអាស៊ី

លោកវ៉ាត់ ចំរើន នាយកបេសកកម្មប្រកួតកីឡាអាស៊ី (Asian Games) នៅទីក្រុងហ្សាការតា និង Palembang លើកទី ១៨ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ ២០១៨ បានអះអាងប្រាប់សារព័ត៍មានកាលពីព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ ស្តីពីការផ្តល់វគ្គបណ្តុះបណ្តាលដល់អត្តពលិកកម្ពុជា មុននឹងចេញទៅប្រកួត។
វគ្គបំប៉ននេះផ្តោតលើក្រមសីលធម៌ វិន័យ និងការយល់ដឹងអំពីព័ត៌មានទូទៅរបស់អត្តពលិក មន្ត្រីដឹកនាំកីឡាក្នុងការចេញទៅប្រកួតលក្ខណៈអន្តរជាតិ ដែលជាកត្តាសំខាន់ចាំបាច់ និងមិនអាចខ្វះបាន ពីព្រោះការប្រកួតកីឡានៅប្រទេសនីមួយៗគឺតំណាងឲ្យមុខមាត់ប្រទេសជាតិ។
ជាមួយគ្នានេះដែរ លោកវ៉ាត់ ចំរើន បានចូលខ្លួនជាគ្រូឧទ្ទេសជាមួយគណៈប្រតិភូកីឡាករកីឡាការិនីចំនួន ៥៩ នាក់ មកពី ១៣ ប្រភេទកីឡា ដែលត្រៀមទៅចូលរួមប្រកួតកីឡា Asian Games នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ ក្នុងពហុកីឡដ្ឋានអូឡាំពិកកម្ពុជា កាលពីម្សិលមិញ ដើម្បីផ្សព្វផ្សាយអំពីក្រមសីលធម៌ វិន័យ និងព័ត៌មានមួយចំនួនដែលត្រូវយល់ដឹងមុននឹងចេញទៅចូលរួមនៅអន្តរជាតិ។
លោកវ៉ាត់ ចំរើន មានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះត្រូវផ្តល់ជូនអត្តពលិក គ្រូបង្វឹក និងមន្ត្រីរបស់យើងឲ្យយល់ច្បាស់អំពីក្រមសីលធម៌ ពេលវេលានៃកម្មវិធីចូលរួមប្រកួត ទីកន្លែងហូបចុក ស្នាក់នៅព្រមទាំងទីតាំង និងទំនាក់ទំនងមុនពេលប្រកួត ពេលប្រកួត និងក្រោយពេលប្រកួត»។ លោកបានបន្តថា” ជាមួយគ្នានេះ អត្តពលិកគប្បីប្រកាន់ឲ្យបាននូវការគោរពច្បាប់នៅស្រុកគេ របៀបរបបដែលគេកំណត់ឲ្យ និងថែរក្សាសណ្តាប់ធ្នាប់ល្អរបស់អត្តសញ្ញាណជាតិរបស់យើងដែលមានប្រពៃណីថ្លៃថ្នូ “។
លោកវ៉ាត់ ចំរើន បានបន្ថែមថា “កត្តាសំខាន់មួយទៀតគឺរបបហូបចុក ការថែទាំសុខភាពមុន និងក្រោយការប្រកួត ត្រូវគោរពតាមបទបញ្ជា ឬការណែនាំរបស់អ្នកជំនាញ ឬប្រធានគ្រប់គ្រងកម្មវិធីដែលបានផ្តល់ជូន”។
គួរបញ្ជាត់ថា វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលានេះ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តោតទៅលើការគោរពវិន័យ និងក្រមសីលធម៌ ដែលជាកម្មវិធីមួយតែងតែប្រារព្ធឡើងមុនពេលចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាធំ។
គ្រូឧទ្ទេសបន្ថែមក្រៅពីលោកវ៉ាត់ ចំរើន មានលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ និងលោកវេជ្ជបណ្ឌិតស្តើង ជា គណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏មានវត្តមានជាគ្រូឧទ្ទេសក្នុងវគ្គនេះដែរ។