photo of U-21 cambodian
ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២១​ឆ្នាំ​កម្ពុជា​

ក្រុមបាល់ទាត់ជម្រើសជាតិ ​អាយុ​២១​ឆ្នាំ​កម្ពុជា​ បាន​ឡើង​​ទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានស្តេចព្រុយណេ ​បន្ទាប់​ពី​ យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២១​ ឆ្នាំ​មីយ៉ាន់ម៉ា​​​ ដោយលទ្ធផល ២ទល់នឹង១ ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​ស្ដេច​ស៊ូលតង់​នៃ​ប្រទេស​ប្រ៊ុយណេ កាលពីយប់មិញ

ការប្រកួតដែលចាប់ផ្ដើម ក្រោយពន្យាពេលជាង ១ម៉ោង ដោយសារមានភ្លៀងធ្លាក់ខ្លាំងនេះ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ស្របពេលកីឡាករ ណារ៉ុង កក្កដា បានស៊ុតបំប៉ោងសំណាញ់ទី ក្រុមមីយ៉ាន់ម៉ា ២គ្រាប់ មុននៅតង់ទី១ មុនកីឡាករមីយ៉ាន់ម៉ា វាយបកបាន ១គ្រាប់ នៅនាទី៤០ ។ ប៉ុន្ដែការប្រកួតតង់ទី២ លទ្ធផល មិនមានការប្រែប្រួល នោះទេ ទោះបីក្រុមទាំងពីរ បានបង្កើតឱកាសមាស ឱកាសប្រាក់ជាច្រើន លើកក៏ដោយ ដែលនាំឲ្យកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ លើកដំបូង។

នេះ​ជា​លើក​ដំបូង​នៃ​ពាន​រង្វាន់​ស្តេច​ស៊ូល​តង់​របស់​ប្រទេស​ប៊្រុយណេ​ដែល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២១​ឆ្នាំ​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​បាន​ចូល​រួម​​ប្រកួត​ក្នុង​ពាន​រង្វាន់​មួយ​នេះ​ជា​ច្រើន​លើក​កន្លង​មក។ ចំពោះការប្រកួត វគ្គផ្ដាច់ព្រ័ត្រ គឺកម្ពុជា ត្រូវជួបទីម័រខាងកើត នាថ្ងៃទី០៥ ខែឧសភាខាងមុខ បន្ទាប់ពីទីម័រខាងកើត បានទម្លាក់សិង្ហបុរី ដោយលទ្ធផល ២-១ ៕