អវត្តមានរបស់ Honda ជារឿងខកចិត្តសម្រាប់ក្រុមទីម័រខាងកើត មុនជួបកម្ពុជាស្អែកនេះ!

អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាគឺលោក Keisuke Honda នឹងត្រូវអវត្តមានដោយមិនបានចូលរួមដឹកនាំកូនក្រុមរបស់ខ្លួនផ្ទាល់បានឡើយនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើតនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ។
លោក Norio Tsukitate គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បានសម្ដែងពីការខកចិត្តរបស់កូនក្រុម ក្រោយទទួលបានដំណឹងលោក Keisuke Honda ត្រូវអវត្តមានពីការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។


ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Norio Tsukitate បានលើកឡើងថា ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញនូវទម្រង់លេងមួយល្អជាងមុន ព្រោះមានគ្រូបង្វឹកល្អ ដែលជាកីឡាករដ៏ល្បីលំដាប់ពិភពលោក គឺលោក Keisuke Honda ប៉ុន្ដែក្រុមជម្រើសជាតិទីម័រ ពិតជាមានការសោកស្ដាយ ក្រោយទទួលបានដំណឹងលោក Honda ត្រូវអវត្តមានពីការប្រកួតនេះ។
ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុមជម្រើសជាតិទីម័រខាងកើតបានបញ្ជាក់ថា កូនក្រុមរបស់លោកមានបំណងចង់ជួប ក៏ដូចជាថតរូបជាក្រុមជាមួយកីឡាករលំដាប់ពិភពលោករូបនេះ ប៉ុន្តែបានត្រឹមខកចិត្តក្រោយទទួលដំណឹងថា លោក Honda មិនបានមកដឹកនាំការប្រកួតទី២នេះទេ ដោយប្រគល់ភារកិច្ចនេះដល់ លោក Felix វិញ ។ យ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះបានបន្ថែមថា ជំនួបជាមួយក្រុមកម្ពុជានឹងមានការលំបាកដោយហេតុតែក្រុមកម្ពុជាមានទម្រង់លេងល្អជាងមុន និងមិនអាចធ្វេសប្រហែសបានឡើយ ៕
