លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែតុលា បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីជួសជុល និងសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីរាជការរបស់ក្រសួង។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការ ស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីកសាងអាងហែលទឹកឲ្យបានច្រើន កន្លែងទៀត ក្នុងគោ​លបំណងដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជា ឲ្យមានការរីកចម្រើន និង ស្វែងរកមេដៃជូនជាតិឲ្យបានច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។

photo of ពហុកីឡដ្ឋានជាតិអូឡាំពិក
អាងហែលទឹក នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក

លោកថា ការថែទាំជួសជុលអាងហែលទឹកនេះ គម្រោងចំណាយរយៈពេលពី៧ខែទៅ៨ខែ ហើយកីឡាករ-កីឡាការិនី ដែលកំពុងទទួលការហ្វឹកហាត់បច្ចុប្បន្នទាំងអស់ នឹងត្រូវទៅហ្វឹកហាត់នៅកន្លែងថ្មីជាបណ្តោះអាសន្នសិន រង់ចាំការជួសជុល និងសាងសង់បាន បញ្ចប់ជាស្ថាពរ៕