នៅរដូវកាល ២០១៩/២០២០នេះ គឺជាលើកដំបូងហើយ ដែលក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ត្រូវបានដាក់ប្រព័ន្ធ VAR (Video Assistant Referee) ឲ្យជួយកាត់សេចក្តី ក្នុងការប្រកួតនីមួយៗ។

ហើយក្នុងរយៈពេលនៃការប្រកួត ២សប្តាហ៍មកនេះ គេសង្កេតឃើញថា VAR បានដើរតួនាទី កាត់សេចក្តីយ៉ាងខ្លាំងក្លាបំផុត ដល់ការប្រកួតចំនួន ៥គូ ក្នុងចំណោមការប្រកួតទាំងអស់ ២០គូ នៅ២សប្តាហ៍នេះ។ ត្បិតតែការកាត់សេចក្តីនោះ បានធ្វើឲ្យកីឡាករនៃក្រុមខ្លះ មិនសប្បាយចិត្ត ប៉ុន្តែក្រុមអាជ្ញាកណ្តាលយល់ថា VAR បានដើរតួនាទីធ្វើជាតុលាការដ៏មានសុក្រិតយុត្តិធម៌ សម្រាប់គ្រប់ការប្រកួត ដែលមានភាពចម្រូងចម្រាស់។ De Bruyne ប្រាប់ពីរបៀបដែលកីឡាករ អាចចៀសផុសពីកំហុស VAR បាន

ក្រុមអាជ្ញាកណ្តាលនៅ Premier League បានអះអាងថា រយៈពេលនៃការពិនិត្យ VAR ក្នុងការប្រកួត ៥គូដ៏ចម្រូងចម្រាស់ ក្នុងសប្តាហ៍ទី ១ និងសប្តាហ៍ទី ២ គឺជាមធ្យម ប្រើថេរវេលាអស់ ៦២វិនាទី។ ពេលវេលានេះ ត្រូវបានក្រុមអាជ្ញាកណ្តាលយល់ថា វាមិនអាក្រក់ ឬ ខាតពេលសម្រាប់ការប្រកួតទាំងមូលនោះទេ។

យ៉ាងណាក៏ដោយ ក្រុមអាជ្ញាកណ្តាល បានទទួលស្គាល់ថា ច្បាប់ថ្មី និង VAR ក្នុង Premier League ពិតជាបានធ្វើឲ្យកីឡាករ និងគ្រូបង្វឹកមួយចំនួន មានការយល់ច្រលំពិតមែន។ ប៉ុន្តែពួកគេអះអាងថា នឹងព្យាយាមធ្វើអ្វីៗឲ្យកាន់តែប្រសើរ ខណៈរដូវកាលនេះ គឺជារដូវកាលដំបូងនៃវត្តមានរបស់ VAR ៕