អាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីយប់មិញ ជាអ្នកដែលមិនផ្ដល់បាល់ចូលទីឱ្យ Ronaldo លើកមុន
ក្រុមដាណឺម៉ាកតវ៉ាខ្លាំង ចំពោះអាជ្ញាកណ្ដាលដែលបានផ្ដល់បាល់ប៉េណាល់ទីទៅឱ្យក្រុមអង់គ្លេសកាលពីយប់មិញនេះ ធ្វើឱ្យអង់គ្លេសមានឱកាសឈ្នះក្នុងលទ្ធផល ២-១។

ដោយសូម្បីតែលោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal និងបច្ចុប្បន្នកំពុងបម្រើការងារឱ្យ FIFA ក៏មើលឃើញថាបាល់នេះមិនសមឱ្យប៉េណាល់ទីដែរ។ លោកបានដាក់សំនួរទៅកាន់អាជ្ញាកណ្ដាល Danny Makkelie នៅយប់មិញ ហេតុអ្វីមិនទៅមើលអេក្រង់ ត្រួតពិនិត្យ VAR បន្ដិចដើម្បីកាត់សេចក្ដីឱ្យច្បាស់ ព្រោះនេះជាការប្រកួតសំខាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផង។ មួយវិញទៀត ១គ្រាប់ប៉េណាល់ទីនេះក៏ជាគ្រាប់បាល់កាត់សេចក្ដីនៃការប្រកួតផងដែរ។
ស្របពេលឃើញភាពអសកម្មនេះហើយ អ្នកគាំទ្រក៏បានលើកយករឿងលោក Makkelie កាត់សេចក្ដីប្រកួតព័រទុយហ្គាល់ជាមួយសែបផងដែរ។ ដោយកាលនោះ គ្រាប់បាល់របស់ Ronaldo បានចូលទីទៅហើយ ប៉ុន្តែអាជ្ញាកណ្ដាលរូបនេះមិនផ្ដល់ឱ្យទៅវិញ។ ដោយពេលនោះ សំអាងថាមិនមានបច្ចេកវិទ្យា VAR ដើម្បីពិនិត្យ។ ក្រោយពីចប់ការប្រកួតនោះ ក្រុមអាជ្ញាកណ្ដាលក៏ទទួលស្គាល់កំហុស ហើយសុំទោសមកខាងក្រុមព័រទុយហ្គាល់វិញដែរ៕