photo of Philipp Lahm
អតីតប្រធានក្រុមជម្រើសជាតិ អាល្លឺម៉ង់ Philipp Lahm ក្នុងនាមជាទូតនៃការដេញថ្លៃ

សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ នឹងប្រជែងគ្នាជាមួយសហព័ន្ធកីឡាបាល់ទាត់តួកគី ដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2024 ដែលនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខណៈពួកគេកំពុងមានប្រៀបលើគូប្រជែងតែមួយគត់ គឺទួរគី។

ក្រោយពីបានលើកពាន World Cup ឆ្នាំ២០១៤ បច្ចុប្បន្ន Philipp Lahm ដែលជា អតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ សង្ឃឹមថា នឹងនាំយកព្រឹត្តិការណ៍ Euro ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ ទៅកាន់ទឹកដីអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែល UEFA ប្រកាសពីម្ចាស់ផ្ទះសម្រាប់យុទ្ធនាការប្រចាំទ្វីបអឺរ៉ុបមួយនេះ។ ក្រោយពីចូលនិវត្តន៍កាលពីឆ្នាំមុន លោក Lahm វ័យ៣៤ឆ្នាំ អតីតប្រធានក្រុមជម្រើសជាតិ នឹងដឹកនាំក្នុងការដេញថ្លៃរបស់អាល្លឺម៉ង់ ដើម្បីធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០២៤ ប្រជែងជាមួយនឹងតួកគី ដែលជាប្រទេសតែ១ផ្សេងទៀតកំពុងតែប្រជែងយកសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ ក្នុងរយៈពេល៦ឆ្នាំទៀត។

photo of Philipp Lahm
អតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Philipp Lahm ក្នុងនាមជាទូតនៃការដេញថ្លៃ

អាល្លឺម៉ង់ មានហេដ្ឋារចនាសម្ព័ន្ធនិងកីឡដ្ឋានប្រសើរជាងទួរគី ស្របពេលប្រទេសខាងក្រោយនេះក៏មានកំណត់ត្រាខាងសិទ្ធិមនុស្សស្ថិតក្នុងក្ដីបារម្ភរបស់ UEFA។ ក្នុងលក្ខខណ្ឌដេញថ្លៃ Euro 2024 UEFA បានបញ្ចូលគោលការណ៍គោរពសិទ្ធិមនុស្សជាចំណុចមួយដើម្បីវាយតម្លៃជ្រើសរើសជ័យលាភីដេញថ្លៃ។  តួកគី កំពុងតែសង្ឃឹមចំពោះការទទួលបានសិទ្ធិក្នុងការរៀបចំយុទ្ធនាការកីឡាបាល់ទាត់ដ៏ធំ១លើកដំបូងរបស់ពួកគេ ក្រោយពីចាញ់បារាំង ដោយសំឡេងឆ្នោត១សន្លឹក សម្រាប់សិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០១៦។

ការប្រកាសពីសិទ្ធិម្ចាស់ផ្ទះ ត្រូវបានរំពឹងទុកថា នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វ៊ីស នៅថ្ងៃព្រហស្បតិ៍។ Lahm បានប្រកាសថា៖ “យើងគឺជាជាតិសាសន៍មួយនៃកីឡាបាល់ទាត់ ហើយអ្នកគាំទ្ររបស់យើងតែងតែចង់បង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេទៅលើកីឡាបាល់ទាត់”

យ៉ាងណាក៏ដោយ អាល្លឺម៉ង់ មានប្រៀបជាងដាច់ បើធៀបទៅនឹងកីឡដ្ឋាន និងការដឹកជញ្ជូន។ សំណើដេញថ្លៃជាផ្លូវការរបស់ពួកគេ បានដាក់បញ្ចូលកីឡដ្ឋាន១០ដែលមានស្រាប់ក្នុងការធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០២៤ ស្របពេលដែលតួកគី ត្រូវតែសាងសង់កីឡដ្ឋានរបស់ខ្លួនចំនួន២ឡើងវិញ៕