ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើការបង្ហាញសមាសភាពកីឡាករថ្មីចំនួន១២រូប ដែលសុទ្ធសឹងតែអតីតសមាជិកនៃក្លឹបនៅលីគកំពូលកម្ពុជា និងសុទ្ធសឹងតែជាកីឡាករកម្ពុជាផងដែរ។

សមាជិកទាំង១២រូបនោះរួមមាន មកពីព្រះខ័នរាជស្វាយរៀង ៤រូប, សូលទីឡូអង្គរ ២រូប, យុវជនក្រសួងការពារជាតិ ២រូប, វេស្ទើន ១នាក់, ណាហ្គាវើល ១រូប, វិសាខា ១រូប និងក្រុមពាក់កណ្ដាលអាជីព (អាណាចក្របៃតង) ១រូប ជាមួយនឹងសមាសភាពដូចខាងក្រោម៖

អាស៊ីអឺរ៉ុបយូណាយធីត
ក្លឹបបាល់ទាត់ អាស៊ីអឺរ៉ុបយូណាយធីត

១. គុយ សម្បត្តិ តួនាទី អ្នកចាំទី មកពីក្លឹបបាល់ទាត់ ពាក់កណ្តាលអាជីព (អាណាចក្របៃតង)

២. វី ចាន់តារា តួនាទី បំរើ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំក្លឹបបាល់ទាត់ក្រសួងការពារជាតិ

៣. អ៊ុំ ឧត្តម តួនាទី បំរើ មកពីក្រុមយុវជន អាយុក្រោម ១៩ឆ្នាំក្លឹបបាល់ទាត់ក្រសួងការពារជាតិ

៤. កែវ រចនា តួនាទី ការពារ មកពីក្រុមយុវជន អាយុក្រោម១៩ឆ្នាំ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង

៥. ម៉ន កក្កដា តួនាទី បំរើ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង 

៦. កែវ សារ៉ាត តួនាទី ការពារ មកពីក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង

៧. ឡាយ រស្មី តួនាទី ការពារ មកពីក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង

៨. ឡូង បូរ៉ាន តួនាទី ការពារ មកពីក្លឹបបាល់ទាត់ សូទីឡូអង្គរ

៩. ចាន់ ថុលវាស្នា តួនាទី បំរើ មកពីក្លឹបបាល់ទាត់ សូទីឡូអង្គរ 

១០. ចាន់ ភារម្យ តួនាទី ការពារ មកពីក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ 

១១. សួន ឈុនសេង តួនាទី បំរើ មកពីក្លឹបបាល់ទាត់ វិសាខា

១២. រុន រានី តួនាទី ប្រយុទ្ធ មកពីក្លឹបបាល់ទាត់ ណាហ្គាវើល

ក្រៅតែពីការបន្ថែមសមាជិកថ្មីចំនួន១២រូប ក្លឹបក៏នៅមានសមាជិកកាលពីរដូវកាលចាស់ដែលបន្តកិច្ចសន្យាជាមួយក្លឹបបន្តទៀត សរុបមកទល់ពេលនេះគឺមាន២១សុទ្ធសឹងតែជាកីឡាករខ្មែរ ខណៈពាក់ព័ន្ធជាមួយកីឡាករបរទេស ក្លឹបគ្រោងនឹងចាប់ផ្ដើមសម្លឹងរកនៅដើមឆ្នាំ២០១៩ ដែលអាចនាំយកតែ៤នាក់ប៉ុណ្ណោះ បើសិនជាក្លឹបអាចរកសមាជិកជាកីឡាករខ្មែរ១រូប ឬ២រូបទៀតដែលមានបទេពិសោធន៍ខ្ពស់ នេះបើតាមការបញ្ជាក់ដោយ លោក សុក វាសនា គ្រូបង្វឹកនៃក្លឹបផ្ទាល់។

កាលពីរដូវកាលមុនក្លឹបដែលមានមូលដ្ឋាននៅតំបន់អរិយក្សត្រមួយនេះ បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៧ក្នុងលីគ ដែលជាចំណាត់ថ្នាក់ល្អបំផុតសម្រាប់ក្លឹបចាប់តាំងពីឡើងមកលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៣៕