អុញនោះ! Juventus នឹងលក់កីឡាកររូបនេះចេញ ខណៈត្រូវបានក្លិបគីឡូធ្ងន់មួយចាប់អារម្មណ៍
ក្លិបសេះបង្កង់ Juventus ត្រូវគេរាយការណ៍ថាមានបំណងបើកលក់ខ្សែបម្រើ Weston McKennie នៅរដូវក្ដៅនេះ ខណៈរូបគេទទួលបានការចាប់អារម្មណ៍ពីម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

យោងតាមគេហទំព័រអ៊ីតាលី Calciomercatoweb.it បានឲ្យដឹងថាក្លិប Juventus នឹងព្រមលក់កីឡាករវ័យក្មេង Weston McKennie ប្រសិនបើក្លិប Bayern Munich អាចបំពេញតាមការស្នើសុំនៅក្នុងតម្លៃ ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។
ហើយដោយសារតែស្ថានភាពហិរញ្ញវត្ថដ៏លំបាករបស់ក្លិប Juventus ដូច្នេះនឹងអាចបង្ខំឲ្យពួកគេចែកផ្លូវជាមួយកីឡាករវ័យ២២ឆ្នាំរូបនេះ មុនពេលទីផ្សារដោះដូរកីឡាករដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខ។
គួររម្លឹកថា Weston McKennie បានផ្ទេរពីក្លិប Schalke នៅឯក្របខណ្ឌ Bundesliga មកចូលរួមជាមួយក្លិប Juventus នៅក្នុងឆ្នាំ២០២០ ហើយកីឡាករសញ្ជាតិអាមេរិករូបនេះ បង្ហាញខ្លួនបាន ៣១ប្រកួត និងរកបាន ៥គ្រាប់ សម្រាប់ក្លិប កាលពីរដូវកាលមុន៕