ខ្សែការពារ Cristian Romero បានសម្រេចការផ្ទេរពីក្លិប Atalanta ទៅកាន់ក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃ៤២លានផោន (ឬប្រមាណ ៥៨លានដុល្លារ)។

Cristian Romero
Cristian Romero

ជម្រើសជាតិអាហ្សង់ទីនវ័យ២៣ឆ្នាំខាងលើ បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំដើម្បីរួមរស់ជាមួយ​ Spurs ដោយរូបគេជាកីឡាករចំណូលថ្មីទី៣ហើយ របស់ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Bryan Gil និង អ្នកចាំទី Pierluigi Gollini ដែលជាអតីតកីឡាកររបស់ Atalanta ដែរនោះ។

យ៉ាងណាមិញ វត្តមានរបស់ Romero នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយ Spurs កំពុងសម្លឹងរកនាំចូលខ្សែការពារមួយរូបទៀត មុនបើករដូវកាល ដោយបច្ចុប្បន្ន ក្លិបមួយនេះ កំពុងចរចាជាមួយក្លិប Bologna ជុំវិញការផ្ទេរកីឡាករ Takehiro Tomiyasu។

គួរបញ្ជាក់ដែរថា Romero ជាខ្សែការពារដែលបានបង្ហាញទម្រង់លេចធ្លោ កាលពីរដូវកាលមុន ជាក់ស្ដែង គេបានជួយ Atalanta បញ្ចប់ចំណាត់ថ្នាក់លេខ៣ នៅក្របខណ្ឌ Serie A រដូវកាល ២០២០/២១ ជាពិសេស គេបានរួមចំណែកជួយជម្រើសជាតិអាហ្សង់ទីនលើកពាន Copa America ទៀតផង៕