ក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ដោយលទ្ធផល ១៤-០ ក្នុងប្រកួតទី៣ ពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅកីឡដ្ឋាន Azadi នាទីក្រុងតេហេរ៉ង់ នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ ។

photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ការតតាំងជាមួយក្រុមគីឡូជុំផ្ដាច់ព្រ័ត្រ World Cup នេះ គោព្រៃកម្ពុជា ស្ទើរតែគ្មានឱកាសស៊ុតក្រុមម្ចាស់ផ្ទះឡើយ ។ ផ្ទុយទៅវិញ អ៊ីរ៉ង់ បានដាក់សម្ពាធលើក្រុមលោក Keisuke Honda ពេញ ៩០នាទី ដោយគ្មានការបន្ធូដៃឡើយ ដោយពួកគេបានទាត់បំប៉ោងសំណាញ់ទីកម្ពុជា ៧គ្រាប់នៅតង់ទី១ មុនបន្ថែម ៧គ្រាប់ទៀត នៅតង់ទី២ ដើម្បីទទួលបាន ៣ពិន្ទុពេញពីការប្រកួតទី២ របស់ខ្លួន ។

photo of ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់
ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់

ខ្សែ​ប្រយុទ្ធ​ Zenit ​កីឡាករ​ Sardar  Azmoun ​រក​បាន​ហែទ្រីក ​​និង Karim Ansarifard ខ្សែ​ប្រយុទ្ធ​​របស់​ Al-Sailiya រក​បាន ៤ គ្រាប់។ ​ចំណែក Ahmad រក​បាន ១ គ្រាប់ , Hossein រក​បាន​១​គ្រាប់, Mehdi Taremi រក​បាន១​គ្រាប់,  Mohammad Mohebi រក​បាន ២ គ្រាប់, និង​ Mehrdad Mohammadi ​រក​បាន ១ គ្រាប់។ ​ហើយ ១ គ្រាប់​ទៀត​ ​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ ប្រធាន​ក្រុម សឿយ វិសាល។​​

យ៉ាង​ណា​ក្ដី អ្នក​​​ចាំ​ទី កែវ សុខសិលា ​​​ក៏​បាន​ធ្វើ​ការងារ​ធ្ងន់​​ពេល​ប៉ះ​ក្រុម​ខ្លាំង​បែប​នេះ និង​ សង្គ្រោះ​បាល់​បាន​ជា​ច្រើន​គ្រាប់។​ មួយ​ទៀត​រឿង​​គួរ​កត់​សម្គាល់ ​កែវ សុខផេង ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី ៤៧ ក្រោយ​ អ្នក​ចាំ​ទី Alireza Beiranvand ​ធ្វើ​ឲ្យ​ទាក់​​ជើង​របស់​គេ ហើយ​អ្នក​ចាំ​ទី​រូប​នេះ​សង្គ្រោះ​បាន។

នេះជាលើកដំបូងហើយ ដែលកម្ពុជា បានរបូតគ្រាប់បាល់ច្រើនបែបនេះ ក្រោមការដឹកនាំរបស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ និងគ្រូបង្វឹកលោក Felix G.Dalmas ក្នុងរយៈពេលជាង ១ឆ្នាំ ។ ក្រោយចប់ការប្រកួត កម្ពុជានឹងធ្វើដំណើរត្រឡប់មាតុភូមិវិញ នៅរាត្រីឈានចូលថ្ងៃទី១១ ខែតុលានេះ ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី១៥ ខែតុលាខាងមុខ៕