កាលពីពេលព្រឹកមិញនេះ អ្នកចាំទីដៃទីមួយរបស់ក្រសួងការពារជាតិ កីឡាករ អ៊ុំ វិចិត្រ បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនអមដោយការសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“ចាប់ពីពេលនេះសុំសម្រាកពីទីលានមួយរយៈសិន”

photo of អ៊ុំ​ វិចិត្
សារដែល អ្នកចាំ អ៊ុំ​ វិចិត្រ​បានបង្ហោះ

ជាមួយនឹងការបង្ហោះសារបែបនេះបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាបងប្អូនដែលស្រឡាញ់ និងចូលចិត្តវិស័យកីឡាករបាល់ទាត់បានដាក់ងឿយឆ្ងល់ ថាតើព្រោះមូលហេតុអ្វីបានជា វិចិត្រ បង្ហោះសារបែបនេះ។

តាមរយៈការឆ្លើយឆ្លងជាមួយនឹងក្រុមការងារ ខ្មែរឡូត តាមរយៈបណ្ដាញសង្គម Instagram អ្នកចាំទី អ៊ុំ វិចិត្រ បានប្រាប់ឲ្យដឹងថា ហេតុផលដែលខ្លួនបង្ហោះសារបែបនេះក្នុងគណនី Facebook ដោយសារតែខ្លួនមានបញ្ហារបួសដៃ ដោយត្រូវការពេលវេលាព្យាបាលច្រើនជាងមួយខែ។ វិចិត្រក៏បានបង្ហាញនូវអារម្មណ៍សោកស្ដាយផងដែរ ដែលបានឃ្លាតឆ្ងាយពីលើទីលានម្ដងទៀតដោយសារបញ្ហារបួស។

គួរបញ្ជាក់ផងដែរថា អ៊ុំ វិចិត្រ គឺជាអ្នកចាំទីមួយរូបដែលត្រូវបានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda កោះហៅអំឡុងការប្រកួតវគ្គជម្រុះជុំដំបូងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដោយកម្ពុជា បានយកឈ្នះ ប៉ាគីស្ថាន ទាំងពីរជើងក្នុងលទ្ធផល ៤-១។

ខ្មែរឡូត សូមជូនពរឲ្យ អ៊ុំ វិចិត្រ ឆាប់ជាសះស្បើយ ដើម្បីវិលត្រឡប់មកកាន់ទីលានវិញជាមួយក្លិបក្រសួងការពារជាតិ និងបន្តរក្សាតំណែងក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតជម្រុះជុំទីពីរ FIFA World Cup 2022៕