photo of ស៊ូ យ៉ាទី
អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី

អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ាទី សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បដិសេធ​មិន​បន្ត​កិច្ចសន្យា​ថ្មី​​ជាមួយ​ក្លិប​បឹងកេត ដោយ​ចេញ​​ទៅ​ចូលរួមជាមួយ​ក្រុម​ណាហ្គាវើលដ៍ សមាជិក​​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League) ក្នុង​ជើង​ទី២ ​ប្រចាំ​រដូវកាល​ឆ្នាំ​២០១៨​នេះ។

អ្នកការពារប៊ុតដៃទី១ជម្រើសជាតិកម្ពុជារូបនេះបានអវត្តមានពីការប្រកួតរបស់បឹងកេតពីរបីប្រកួតចុងក្រោយ ដោយសាររបួសសាច់ដុំភ្លៅអំឡុងការប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀង​ ហើយអតីតអ្នកចាំទីគីរីវង់សុខសែនជ័យ គឹម មករា ឡើងជាអ្នកចាំទីដៃទី១ជំនួស យ៉ាទី តាំងពីប្រកួតទល់នឹង អគ្គិសនីកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់ណាហ្គាវើល បានបញ្ជាក់ថា «ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ ចុះកិច្ចសន្យាជាមួយកំពូលអ្នកចាំទី ស៊ូ យ៉ាទី! គាត់បានជាប់ជម្រើសជាតិ តំណាងឲ្យប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៩ និងបានឈ្នះពានរង្វាន់ធំៗជាច្រើន! រួមគ្នាដើម្បីជួយលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែប្រសើរ!»

នេះគឺជាព័ត៌មានគួរឲ្យត្រេកអរសម្រាប់អ្នកគាំទ្រក្រុមណាហ្គាវើល ដែលទទួលបានអ្នកចាំទីដ៏មានបទពិសោធន៍ទៅជួយនៅជើងទី២ តែវាអាចជារឿងគួរឲ្យសោកស្ដាយ ដែលបឹងកេត ត្រូវបាត់បង់អ្នកចាំទីធ្លាប់ជួយក្រុមលើកពាន ២រដូវកាលជាប់គ្នា (ឆ្នាំ២០១៦-២០១៧)។ អ្វីដែលសំខាន់ គឺការផ្លាស់ប្ដូរក្លឹបថ្មីរបស់ ស៊ូ យ៉ាទី បានកើតឡើងតែ ១ថ្ងៃប៉ុណ្ណោះ ក្រោយបឹងកេត យកឈ្នះណាហ្គាវើល ៣-២ ក្នុងជំនួបបញ្ចប់ជើងទី១ ម្សិលមិញ៕