អ្នកចាំទី Dean Henderson ចេញមុខបដិសេធពាក្យចចាមអារ៉ាមថាគេត្រូវបានប៉ូលិសចាប់
អ្នកចាំទី Dean Henderson បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram នៅក្នុងថ្ងៃនេះ ដោយបានបដិសេធ នឹងពាក្យចចាមអារ៉ាមដែលថា គេធ្លាប់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីឆ្នាំ២០១៩ ដោយសារតែបានរំលោភបំពាន វាយធ្វើបាបប្រើអំពើហិង្សាលើនារី ដែលត្រូវបានគេសន្និដ្ឋានថាជាសង្សាររបស់គេ។

បើតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ពាក្យចចាមអារ៉ាមទាំងនោះបានលើកឡើងថា កាលពីឆ្នាំ២០១៩ កីឡាករ Henderson ត្រូវបានសង្សាររបស់គេតេហៅប៉ូលិសមកចាប់ខ្លួន ក្រោយបានប្រើអំពើហិង្សា ក៏ដូចជារំលោភបំពានលើរូបនាង ក៏ដូចបានផ្ញើសារគំរាមជាច្រើនលើរូបនាង។
បើតាមប្រភពដដែលខាងលើ រឿងរ៉ាវនេះបានបញ្ចប់ទៅវិញ ដោយអ្នកចាំទី Manchester United រូបនេះបានបង់លុយសងជំងឺចិត្តបញ្ចប់រឿងនេះ។
យ៉ាងណានៅក្នុងថ្ងៃនេះដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមនេះ Henderson បានចេញមុខបដិសេធទាំងស្រុងតែម្ដងដោយរឿងនេះមិនពិតទាំងស្រុង និងប៉ះពាល់ដល់គ្រួសារគេខ្លាំងមែនទែន អញ្ចឹងគេចង់ឲ្យរឿងនេះចប់ត្រឹមហ្នឹង៕