អ្នកចាំទី Thibaut Courtois បានទម្លាយឱ្យដឹងពីវិធីសាស្ត្ររបស់ខ្លួន ដែលអាចសង្គ្រោះពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រដ៏អស្ចារ្យរបស់ Lionel Messi នៅក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League កាលពីយប់មិញបាន។

Thibaut Courtois
Thibaut Courtois

ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានទទួលជ័យជម្នះទៅលើក្រុម Real Madrid ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈមួយគ្រាប់នោះកើតឡើងតាមរយៈការស៊ុតបញ្ចូលទីដោយ Kylian Mbappe នៅនាទីទី ៩០+៤។

យ៉ាងណាមិញ សម្រាប់ក្រុម PSG ស្ទើរតែមានឱកាសរកបាន ២ គ្រាប់ទៅហើយ តែត្រូវបានខកខានទៅវិញ ក្រោយពេលពួកគេទទួលបានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៦២ ប៉ុន្តែត្រូវបាន Courtois សង្គ្រោះបាល់ដ៏អស្ចារ្យរបស់ Messi មួយនេះបាន។

ក្រោយបញ្ចប់ការប្រកួត Courtois បានទម្លាយឱ្យដឹងពីវិធីសាស្ត្ររបស់ខ្លួនក្នុងការចាប់បាល់ ១១ ម៉ែត្ររបស់ Messi ប្រាប់ទៅកាន់កាសែត BT Sport យ៉ាងដូច្នេះថា៖ “ជាក់ស្តែង គាត់ធ្លាប់ស៊ុតបាល់ពិន័យ ១១ ម៉ែត្រច្រើនណាស់, ដូច្នេះវាធ្វើឱ្យខ្ញុំពិបាកស្មានមែនទែន។ គាត់ធ្លាប់ខកខាននៅខាងនេះ ២ ទៅ ៣ លើកមកហើយដូច្នេះខ្ញុំគិតថាច្បាស់ណាស់គាត់នឹងស៊ុតមកខាងឆ្វេង។

 

ប្រហែលក៏អាចទៅកណ្តាលផងដែរនៅមុំនេះគាត់ទើបតែស៊ុតបញ្ចូលទីទៅលើក្រុម Leipzig ហើយទេ។ ក្រោយមកខ្ញុំសម្រេចចិត្តថា ខ្ញុំនឹងលោតទៅឆ្វេង ហើយខ្ញុំក៏អាចសង្គ្រោះបាល់នេះបាន”៕