អ្នកការសែតរបស់ Fox Sports Asia លោក John Duerden ដែលផ្ដោតជាសំខាន់លើបាល់ទាត់ក្នុងទ្វីបអាស៊ី បានលើកឡើងក្នុងសំណេររបស់លោកថា ចាន់ វឌ្ឍនាកា គួរបន្តលេងនៅក្រៅប្រទេសទៀត ជាជាងត្រលប់មកប្រកបអាជីពនៅកម្ពុជាវិញដើម្បីបញ្ជាក់ឱ្យអ្នកសង្ស័យចំពោះសមត្ថភាពរបស់គេ​ឃើញ​ថាពួកគេគិតខុសហើយ។

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

វឌ្ឍនាកា ជាខ្សែប្រយុទ្ធដែលទទួលបានការផ្ដល់តម្លៃយ៉ាងខ្ពស់បំផុតម្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានបង្កើតឱ្យមានភាពរំភើបយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានិងបន្តិចបន្តួចដែរនៅម៉ាឡេស៊ី ពេលរូបគេឈានជើងចូលក្របខ័ណ្ឌ Malaysian Super League ក្នុងខែធ្នូឆ្នាំ២០១៧ដោយចុះកិច្ចសន្យាជាមួយ Pahang ដែលជាក្លឹបធំបំផុតមួយនៅទីនោះ។

តែអ្វីៗមិនដំណើរការល្អខ្លាំងដូចការរំពឹងទុករបស់គ្រូ Pahang ហើយទីបំផុត Pahang បញ្ចប់កិច្ចសន្យា វឌ្ឍនាកា មុនកំណត់នៅក្នុងខែឧសភានេះ ដោយសារការលេងរបស់ វឌ្ឍនាកា មិនល្អខ្លាំងជាងកីឡាករក្នុងស្រុក ដែលជាការទាមទារខ្ពស់បំផុតនៃបាល់ទាត់ប្រទេសនេះ។ ហើយក្លឹបក៏បាននាំយកខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Issey Nakajima Farran ដែលមានសញ្ជាតិជប៉ុននិងសិង្ហបុរីមកជំនួសវិញសម្រាប់ជុំទី២។

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

លោក Duerden បានរំឭកថាក្រោយចាប់ផ្ដើមលីគកំពូលម៉ាឡេស៊ីបាន២ប្រកួត លោកបានទូរសព្ទទៅលោក Dollah Salleh ហើយគ្រូបង្គោលក្លឹប Pahang រូបនេះនិយាយថា៖ “គាត់ជាកីឡាករល្អម្នាក់ ឬគាត់ធ្លាប់ជាកីឡាករល្អម្នាក់។ គាត់មិនបានបង្ហាញសមត្ថភាពក្នុងកម្រិតដូចដែលគាត់ធ្លាប់មានពីមុនឡើយមកទល់២ប្រកួតដំបូងនេះ។ នៅពេលយើងស៊ីញេកុងត្រាជាមួយកីឡាករបរទេស ពួកគេត្រូវតែល្អជាងកីឡាករក្នុងស្រុក ប៉ុន្តែមកទល់ពេលនេះមិនមានភាពខុសគ្នាខ្លាំងទេ(រវាង វឌ្ឍនាកា និងកីឡាករក្នុងស្រុក)។ អ្នកគាំទ្រនាំគ្នាចោទជាសំណួររួចទៅហើយមកកាន់ខ្ញុំអំពីការស៊ីញេកីឡាកររូបនេះ”។

មិនមែនតែ វឌ្ឍនាកា ម្នាក់ទេ នៅម៉ាឡេស៊ី កីឡាករបរទេសជាច្រើនរូបត្រូវចាកចេញក្រោយលេងបានបីបួនខែ។ ជារឿយៗ វាជាភាពភ្ញាក់ផ្អើលចំពោះកីឡាករ ពិសេសកីឡាករមកពីអឺរ៉ុបដែលពិបាកសម្របខ្លួននឹងកម្ដៅនិងសំណើមនៃអាកាសធាតុនៅម៉ាឡេស៊ី។ ប៉ុន្តែគ្រូបង្វឹកក៏មិនមានពេលវេលាច្រើនដើម្បីផ្ដល់ឱកាសដល់កីឡាករបរទេសដែរ ព្រោះថាពួកគេដឹងថាអាចអស់ការងារភ្លាមៗបើក្រុមមិនបានលទ្ធផលល្អដូចការរំពឹងទុក៕

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

ប្រភពពី៖ keiladaily