អ្នកស្រី Frappart៖ Super Cup យប់នេះ មិនមែនជាជំនួបដ៏ធំក្រោមការកាត់ក្តីរបស់ខ្ញុំឡើយ
14 Aug 2019 - 16:18:04 SHARE

ការប្រកួតដណ្តើមពានរង្វាន់ UEFA Super Cup រវាង Liverpool និង Chelsea នៅរាត្រីថ្ងៃទី១៤ ខែសីហា នឹងមានក្រុមអាជ្ញាកណ្តាលស្ត្រីចូលខ្លួនកាត់សេចក្តី។ អាជ្ញាកណ្តាលស្រី្ត Stephanie Frappart ដែលទទួលបន្ទុកដឹកនាំជំនួបរបស់ក្រុមម្ចាស់ជើងឯក Champions League និង Europa League អះអាងថានេះមិនមែនជាការប្រកួតដ៏ធំក្នុងរដូវកាលនេះដែលនាងកាត់ក្តីឡើយ។
មន្ត្រីអាជ្ញាកណ្តាល Frappart សញ្ជាតិបារាំងនេះ នឹងបង្កើតប្រវត្តិសាស្ត្រថ្មីដោយក្លាយជាស្ត្រីដំបូងគេដែលបានចូលរួមកាត់ក្តីជាផ្លូវការក្នុងការប្រកួតក្របខណ្ឌអ៊ឺរ៉ុបរបស់ក្រុមបុរស នារដូវកាលថ្មីនេះក្នុងក្រុង Istanbul ប្រទេសតួកគី។
ដោយធ្លាប់ទទួលខុសត្រូវលើការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ World Cup ស្ត្រីកកាលពីខែកក្កដា និងការប្រកួត Ligue 1 បារាំងចាប់តាំងពីចុងរដូវកាលមុនមក អ្នកស្រី Stephanie Frappart ជឿជាក់ថានាងមិនមានសម្ពាធអ្វីនោះទេសម្រាប់ដឹកនាំការប្រកួត Liverpool និង Chelsea នេះ។
អាជ្ញាកណ្តាលស្ត្រី វ័យ៣៥ឆ្នាំរូបនេះ អះអាងថានាងទទួលការហ្វឹកហាត់គ្រប់ពេល ដូច្នេះមិនមានអ្វីគួរឲ្យខ្លាចទេ ដ្បិតនាងតែងតែត្រៀមខ្លួនសម្រាប់ការប្រកួតគ្រប់កម្រិតទាំងអស់។ យ៉ាងណានាង Frappart សារភាពទៀតថា៖«ជីវិតរបស់នាងបានផ្លាស់ប្តូរនិងរំភើប ចាប់តាំងពីនាងត្រូវបានតែងតាំងកាលពីដើមខែនេះសម្រាប់ដឹកនាំការប្រកួតរវាងម្ចាស់ជើងឯក Champions League និង Europa League រដូវកាលមុន»។
ក្នុងជំនួននេះដែរ ក្រៅពីអាជ្ញាកណ្តាលលើទីលាន Frappart ក៏មានអាជ្ញាកណ្តាលខ្សែបន្ទាត់ជាស្ត្រីពីររូបទៀត រួមមាននាង Manuela Nicolosi សញ្ជាតិអ៊ីតាលី និង Michelle O’Neill របស់សារធារដ្ឋអៀរឡង់។ ទាំងបីរូបនេះធ្លាប់ធ្វើការជាមួយគ្នារួចមកហើយនៅឯ World Cup ស្ត្រីនៅបារាំង ឆ្នាំ២០១៩កន្លងទៅ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព