photo of Simon McMenemy
​លោក Simon McMenemy ​គ្រូ​បង្វឹក​ឈុត​ធំ​ថ្មី​របស់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី

សហព័ន្ធ​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី ​បាន​ប្រកាស​តែងតាំង​លោក Simon McMenemy ​គ្រូ​បង្វឹក​ឈុត​ធំ​ថ្មី​របស់​ខ្លួន សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​នៅ​កម្មវិធី AFF Suzuki Cup 2018 ​កន្លង​ទៅ​នេះ ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ប៉ុណ្ណោះ។ ហេតុ​ដូច្នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង សម្រាប់​ក្រុម​ឈុត​ធំ​នេះ ​រហូត​ដល់​សហព័ន្ធ​បាន​សម្រេច​បណ្ដេញ​គ្រូ​បង្វឹក ​Luis Milla ​ចេញ​ពី​តំណែង​។ ​ក្នុង​ឱកាស​នេះ​ដែរ ​ពួកគេ​ក៏​បាន​រក​ឃើញ​គ្រូ​បង្វឹក​ថ្មី​មក​ហើយ គឺ​លោក Simon McMenemy ។

គ្រូ​បង្វឹក​រូប​នេះ ​សញ្ជាតិ​ស្កុតឡែន ​ហើយ​ធ្លាប់​ដឹក​នាំ​ក្រុម​ជា​ច្រើន​ផង​ដែរ។ ​ក្នុង​នោះ​លោក​ធ្លាប់​ដឹក​នាំ​ហ្វីលីពីន​នៅ​ឆ្នាំ​២០១០​ ​ទៅ​ដឹក​នាំ​ក្រុម​អាជីព​នៅ​​វៀតណាម ​ដឹក​នាំ​ក្រុម​នៅ​ម៉ាឡេស៊ី​អី​ជា​ដើម។ ​ក្រុម​ចុង​ក្រោយ​ដែល​លោក​ដឹក​នាំ​មុន​មក​ដឹក​នាំ​ក្រុម​ឥណ្ឌូណេស៊ី​នេះ គឺ​ក្រុម ​Bhayangkara FC ​ក្នុង​លីគ​របស់​ប្រទេស​ផ្ទាល់​តែ​ម្ដង៕