កីឡាករជាប់ក្នុងបញ្ជីឈ្មោះប្រមូលផ្តុំជាបឋម ក្នុងក្រុមជម្រើសជាតិចំនួន១០នាក់ ត្រូវបានអ្នកចាត់ការទូទៅក្រុម លោក Keisuke Honda និងគ្រូបង្គោលលោក Felix ជម្រុះចេញពីក្រុមជម្រើសជាតិកម្ពុជា នៅពេលក្រុមមួយនេះ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍ ស្អែកនេះ។

បើតាមបញ្ជីឈ្មោះ ដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនោះ គឺកីឡាករ ស៊ិន សុផាណាត់, ទៀត គឹមហេង, សាន គឹមហេង និង ស៊ិន កក្កដា របស់ក្លិបវិសាខា ព្រមទាំងកីឡាករ ណារ៉ុង កក្កដា, កាន់ ពិសាល របស់ក្លិបក្រសួងការពារជាតិ កីឡាករ លី វ៉ាហេត, ជា វេសលី របស់ក្លិបបឹងកេត ឃៀង ម៉េងហួរ របស់ក្លិបព្រះខ័នរាជស្វាយរៀង និងកីឡាករ ឈង់ ប៊ុនណាត របស់ក្លិបអង្គរថាយហ្គឺរ ត្រូវបានជម្រុះ និងកាត់ចេញពីបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាហើយ។

យ៉ាងណាក៏ដោយ សម្រាប់កីឡាករចំនួន២៥នាក់ទៀត ដែលបានជាប់នៅក្នុងបញ្ជីឈ្នះក្រុមជម្រើសជាតិកម្ពុជា កាលពីល្ងាចថ្ងៃអង្គារនេះ ក៏នឹងត្រូវជម្រុះចោល២នាក់ទៀត នៅថ្ងៃពុធនេះផងដែរ គឺទុកតែ២៣នាក់ប៉ុណ្ណោះ ដើម្បីចូលទីលានប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង នៅថ្ងៃព្រហស្បតិ៍។

ជុំវិញនឹងបញ្ហានេះ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ថា៖«ជាគោលការណ៍របស់ FIFA គឺបញ្ជីឈ្មោះចុងក្រោយ គេកំណត់ឲ្យមានត្រឹម២៣នាក់បុណ្ណោះ ក្នុង១ក្រុម អ៊ីចឹងនៅក្នុងចំណៅមកីឡាករទាំង២៥នាក់ ដែលបានជាប់នៅក្នុងបញ្ជីឈ្មោះនៅពេលនេះ យើងនឹងត្រូវកាត់ចេញចំនួន២នាក់ទៀត គឺនៅក្រោយកិច្ចប្រជុំ ដែលនឹងត្រូវធ្វើនៅថ្ងៃពុធ គឺមានន័យថា មានតែកីឡាករ២៣នាក់ប៉ុណ្ណោះ ដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះចុងក្រោយ ពេលក្រុមកម្ពុជា ប្រកួតជាមួយក្រុមហុងកុង នៅថ្ងៃព្រហស្បតិ៍»។

ដោយឡែកក្រុមជម្រើសជាតិហុងកុងទាំង២៣នាក់ ព្រមទាំងគ្រូបង្វឹក និងប្រតិភូ បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់កម្ពុជា កាលពីល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារ ម្សិលមិញ ហេតុនេះពួកគេ មានពេលហ្វឹកហាត់ នៅលើទឹកដីកម្ពុជា ត្រឹម១ថ្ងៃ គឺនៅថ្ងៃពុធ ប៉ុណ្ណោះ មុនពេលត្រូវជួបក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃព្រហស្បតិ៍៕