photo of Luis Suarez
កីឡាករ Luis Suarez

កីឡាករ Luis Suarez សម្រេចបាន ២គ្រាប់ តែម្នាក់ឯងកាលពីថ្ងៃពុធម្សិលមិញនេះ ជួយឲ្យក្រុម Barcelona សម្រេចបានជ័យជំនះ ២-១ លើក្រុម ​​​ Inter Milan​ នៅការប្រកួត Champions League ក៏ដូជាផ្តល់បរាជ័យជាលើកដំបូងដល់លោក Antonio Conte ចាប់តាំងពីលោកបានទទួលយកការងារគ្រូបង្វឹកនៅក្រុមមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមយក្សអ៊ីតាលី Inter Milan ដែលបាននាំមុខកំពូលតារាង Serie A ក្រោយឈ្នះទាំង៦ប្រកួតក្រោមការដឹកនាំរបស់លោក Conte នោះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងតង់ទី១ ពេលដែលពួកគេបានធ្វើការនាំមុខទៅហើយនៅនាទី២ ដោយសារថ្វីជើងរបស់កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez ។

Barcelona Vs Inter Milan
Barcelona Vs Inter Milan

ដោយឡែក ក្រុម Barcelona បានប្រឹងប្រែងយ៉ាងត្រដាបត្រដួលជាទីបំផុត ប៉ុន្តែពួកគេបានបង្ហាញពីទម្រង់លេងដ៏មុតស្រួចវិញ នៅក្នុងទឹកដី  Nou Camp ក្រោយសម្រាកការប្រកួតតង់ទី១ ហើយពួកគេដណ្តើមបានគ្រាប់បាល់ស្មើនៅនាទី៥៨ ដោយសារតែការស៊ុតបាល់កោងពីកីឡាករ Suarez ។

photo of Luis Suarez

ក្រុម Barcelona ចាប់ផ្តើមបានចិត្តខ្លាំង និងធ្វើការវាយសម្រុកខ្លាំងរហូតសម្រេចបានគ្រាប់បាល់នាំមុខនៅនាទី៨៤ ពេលដែលប្រធានក្រុម  Lionel Messi បញ្ជូនបាល់យ៉ាងស្អាតឲ្យកីឡាករ Suarez ពេនបាល់ទាបមួយជើងបានសម្រេច ធ្វើឲ្យផ្ទុះភាពសប្បាយរីករាយ នៅក្នុងពហុកីឡដ្ឋានដែលបានផ្ទុកទស្សនិកជន៨៦.០០០នាក់។

លទ្ធផលនេះដែរ បានធ្វើឲ្យក្រុម Barcelonaឈរនៅលេខរៀងទី២ ក្នុងពូល Fមាន៤ពិន្ទុ ក្រោយលេងបាន២ប្រកួត ដូចគ្នានឹងក្រុមកំពូលតារាងពូល Borussia Dortmund ដែលសម្រេចបានជ័យជំនះ២-០លើក្រុម Slavia Prague ខណៈដែលក្រុម Inter Milan មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ៕