ក្រុម​ជម្រើស​ជាតិ​​បាល់ទាត់​ចំនួន​​ ៥​រួម​មាន អង់គ្លេស វែល ប៉ូឡូញ ឆេក​និង​ស៊ុយអែត បាន​បដិសេធ​មិន​លេង​បាល់ទាត់​ជាមួយ​ក្រុម​រុស្សី​នៅ​គ្រប់​កម្រិត ក្រោយ​សង្គ្រាម​ផ្ទុះ​ឡើង។

World Cup 2022
World Cup 2022

វគ្គ​ជម្រុះ​​ព្រឹត្តិការណ៍ World Cup 2022 រុស្សី​ត្រូវ​លេង​ទល់​នឹង​ប៉ូឡូញ មុន​ពេល​ទៅ​ប៉ះ​ឆេក​ឬ​ស៊ុយអែត ប្រសិន​បើ​ឈ្នះ ហើយ​ការ​ប្រកួត​គ្រោង​លេង​នៅ​ខែ​មីនា​ខាង​មុខ។ យ៉ាងណាមិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ប្រទេស​​​រុស្សី​បាន​បើក​ការ​​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ធ្វើ​ឲ្យ​ផ្អើល​ពិភពលោក។

ទង្វើ​របស់​រុស្សី​ដែល​មាន​ការ​បញ្ជា​ពី​ប្រធានាធិបតី Vladimir Putin ធ្វើ​ឲ្យ​ប្រទេស​ទាំង​៥​ខាង​លើ​​បដិសេធ​មិន​ប្រកួត​បាល់ទាត់​ជាមួយ​រុស្សី​ឡើយ។ សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ប្រាប់​រុស្សី​​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​ខាង​មុខ​ត្រូវ​លេង​នៅ​ទឹក​ដី​អព្យាក្រឹត​ ក្រោម​ឈ្មោះ Football Union of Russia (FUR) ដោយ​មិន​មាន​ទង់ជាតិ និង​ភ្លេង​ជាតិ​រុស្សី​ឡើយ។

​​​តែ​ប្រធាន​​​សមាគម​បាល់ទាត់​របស់​ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា ការ​សម្រេច​របស់ FIFA គឺ​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង។ ខណៈ​សហព័ន្ធ​បាល់ទាត់​ស៊ុយអែត និង​ឆេក​នៅ​តែ​រក្សា​ជំហរ​​មិន​លេង​ជាមួយ​រុស្សី៕