photo of Hun Sen Cup
Hun Sen Cup 2018

កម្មវិធីប្រកួតលើកទី៣ នៃពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨ (Hun Sen Cup) ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់ជាតិ (CNCC) សេនាធិការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) កំពុង​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត​ដែល​មាន​ការ​ប្រកួត​ចំនួន​៩គូ​ផ្សេង​គ្នា​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៨ ​ខែ​មីនា ឆ្នាំ​២០១៨​នេះ។

ការ​ប្រកួត​នៅ​ថ្ងៃ​ពុធនេះ ​រៀបចំ​ឡើង​នៅ​វេលា​ម៉ោង​៣រសៀល​ទាំង​អស់ ដែលក្នុងនោះមាន ចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូលនិងជម្រុះចុងក្រោយ។ វគ្គតាមពូលមានក្រុមចំនួន២៣ខេត្តចូលរួមបូកជាមួយក្រុមគីរីវង់សុខសែនជ័យ, ស៊ីម៉ាក់, យុវជនក្រសួងការពារជាតិ និងសាលាបាល់ទាត់ជាតិបាទី ទាំងអស់២៧ក្រុមបែងចែកជា៥ពូល។ ក្រុមលេខ១ដល់លេខ៣ បូកទាំងក្រុមលេខ៤ល្អបំផុតក្នុងចំណោមពូលទាំង៥មានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកវគ្គជម្រុះជុំចុងក្រោយ យកក្រុមទាំង១៦ចាប់គូគ្នាប្រកួតប្តូរទឹកដីគ្នា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (៤ក្រុមខ្លាំងជាងគេ) មានឈ្មោះឡើងទៅប្រកួតដណ្តើមជើងឯកថ្នាក់ជាតិ។

ចំណែកការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជានៅរង់ចាំបូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត។ ដោយចាប់ឆ្នោតរើសគួប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) ក្នុងវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។យ៉ាងណាក្តីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ទាំងក្នុងវគ្គជម្រុះជើងឯកថ្នាក់ខេត្តនិងវគ្គជម្រុះជើងឯកថ្នាក់ជាតិក្នុងពានរង្វាន់នេះ៕

Hun Sen Cup
កាលវិភាគការប្រកួត Hun Sen Cup