ក្រុម​ជម្រើសជាតិ U18 កម្ពុជា
ក្រុម​ជម្រើសជាតិ U18 កម្ពុជា

ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោយ​អាយុ​១៨ឆ្នាំ​​ (U18) បាន​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​រយៈពេល​១សប្ដាហ៍​ នៅ​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​សមត្ថភាព​នៅ​ក្រៅ​ប្រទេស​បន្ថែម​មុន​បន្ត​ដំណើរ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (អាស៊ាន) 2018 AFF U-18 Youth Championship ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។

ក្រុម U18កម្ពុជា ក្រោមការ​ដឹកនាំ​ពី​សំណាក់​លោក Musashi MIZUSHIMA គ្រូ​បង្វឹក​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិនៅ​បាទី។ ការ​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​​នេះ ​គឺ​​នៅ​ទីក្រុង​ហូជីមិញ​ ហើយ​​ក្រុម U18 កម្ពុជា មិន​ធ្វើដំណើរ​ត្រឡប់​មក​មាតុភូមិ​វិញ​នោះ​ទេ ក្រោយ​បញ្ចប់ការ​ហ្វឹកហាត់​រយៈពេល​១សប្ដាហ៍​នេះ ពោល​គឺ​​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​​ទីក្រុង Gresik ប្រទេស​ឥណ្ឌូណេស៊ី តែ​​ម្តង។ នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ​ ក្រុម U18 កម្ពុជា ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ។

កីឡាករ​២៣នាក់ ​ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា កោះហៅ​ចូល​ក្រុម U18 កម្ពុជា មាន​ សៀង ចន្ធា, សៀន សុភត្រា, ហេង ទីណា,​ថា ច័ន្ទឬទ្ធី, សឿត ណាវ៉ា, ឡុង ម៉េងហាវ, ហ៊ុល គឹមហ៊ុយ, លន ថេន, ឈឿង វិស៊ីនុ, ផាច សុជាវីឡា, ទេស សម្បត្តិ, ណារ៉ុង កក្កដា, សាន គឹមហេង, ជា វ៉ាន់សាក់, សាន បូរ៉ា, ត្រាយ វិចិត្រ, ឃាង ម៉េងហួរ, ណុប ដេវីដ, ពេជ្រ សុវណ្ណារ័ត្ន, យ៉េត ចិត្រា, ចន្ថា ធនធាន, ឪ ភារ៉ុណ, ឃុន សេងថៃ ។

ពានរង្វាន់ 2018 AFF U-18 Youth Championship ក្រុម​​​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ពូល B ជាមួយ​ក្រុម​មីយ៉ាន់ម៉ា, ទីម័រខាងកើត, ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ ខណៈ​ពូល A មាន​ថៃ, វៀតណាម, សិង្ហបុរី, ហ្វីលីពីន និង​ឡាវ។ ក្រុម​ដែល​ប្រកួត​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ប្រចាំ​ពូល​នីមួយៗ ​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គពាក់កណ្ដាល​​ផ្តាច់ព្រ័ត្រ និង​បន្ត​ទៅ​​វគ្គ​ផ្តាច់ព្រ័ត្រ​ ដណ្តើម​ជើង​ឯក​ប្រចាំ​តំបន់​ ក្នុង​ឆ្នាំ​២០១៨ នេះ​ផង​ដែរ ។

ពានរង្វាន់ ​2018 AFF U-18 Youth Championship រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃ​ទី១ ដល់​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៨ ខណៈ​ម្ចាស់​ផ្ទះ​បាន​រៀបចំ​ទីក្រុង​ចំនួន​២ ​គឺ​ Gresik និង ​Sidoarjo សម្រាប់​ដំណើរការ​ការ​ប្រកួត។ ពានរង្វាន់​នេះ ​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​២០០២ មក​ម៉្លេះ ដោយ​ធ្វើ​ឡើង​នៅ​រៀងរាល់​ឆ្នាំ ខណៈ​ថៃ ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​ពានរង្វាន់​នេះ​ បាន​ច្រើន​ជាង​គេ​ គឺ​រហូត​ដល់​៥លើក៕

ប្រភព៖ campost