បន្ទាប់ពីបានសម្រាក ២សប្តាហ៍កន្លងមកនៃវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩ បានឈានចូលមកដល់នៅចុងសប្តាហ៍នេះវិញហើយ ដោយក្រុមម្ចាស់ផ្ទះបឹងកេត នឹងត្រូវទទួលស្វាគមន៍ ក្រុមភ្ញៀវអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ក្នុងទឹកដីនៃកីឡដ្ឋាន ខេបូឌាអៃវ៉េ នាវេលាម៉ោង ៣៖៣០រសៀល។

កាលពីសប្តាហ៍ទី២១ កន្លងទៅ បឹងកេតបានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ២-១ ក្នុងទឹកដីរបស់ខ្លួន នៃកីឡដ្ឋាន ខេបូឌាអៃវ៉េនាថ្ងៃសៅរ៍ ទី២៤ ខែសីហាកន្លងទៅ។ បឹងកេតឆ្លងកាត់២១ប្រកួត ឈ្នះ១២ដង ស្មើ២ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ៤១ពិន្ទុ។

ចំណែកអាស៊ីអឺរ៉ុបវិញ សប្តាហ៍ទី២១ បានយកឈ្នះកំពង់ចាម ក្នុងលទ្ធផល ២-០ នៅកីឡដ្នាន ខ.ភ.ម (ស្តាតចាស់) កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហាកន្លងទៅ។ អាស៊ីអឺរ៉ុប ឆ្លងកាត់២១ប្រកួតដូចគ្នា ឈ្នះ៨ដង ស្មើ៣ដង និងចាញ់១០ដង និងឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន ២៧ពិន្ទុ៕