កីឡាករ​ខ្សែ​ការ​ពារ​កណ្ដាល Gary Cahill មិន​ទាន់​មាន​ឱកាស​ចូល​លេង​ក្នុង​ជម្រើស​ ១១នាក់ដំបូង​នៅឡើយ​ទេ​ ក្នុង​រដូវ​កាល​នេះ ហើយ​អាច​នឹង​ចាក​ចេញ​ក្នុង​ខែ​មករា​ក៏​ថា​បាន។

Gary Cahill
​លោក Sarri និយាយថាកីឡាករ Gary Cahill អាចនឹងចាកចេញពីក្នុងពេលឆាប់ៗនេះ!

យោង​សម្ដី​របស់​អ្នក​ចាត់​ការ​ក្លឹប Chelsea គឺ​លោក Maurizio Sarri កីឡាករ Gary Cahill ខ្វះ​សមត្ថភាព​ខាង​ផ្នែក​បច្ចេក​ទេស​លេង ទើប​គេ​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត ហើយ​លោក​បាន​ទទួល​ស្គាល់​ផងដែរ​ថា​ កីឡាករ​ដែល​មាន​វ័យ ៣២ឆ្នាំ​រូប​នេះ​​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​ទើប​មាន​ឱកាស​ចូល​លេង​ក្នុង​ជម្រើស​ ១១នាក់​ដំបូង ខណៈ​ដែល​ឆ្នាំ​នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​កុង​ត្រា​របស់គេ​ជាមួយ Chelsea។

ស្ថាន​ភាព​នេះ​បាន​ញុំាង​ឲ្យ​មាន​ព័ត៌​មាន​ចចាម​អារ៉ាម​អំពីការ​ផ្ទេរ​ Cahill ទៅ​ក្លឹប Arsenal ក្នុង​ខែ​មករា ហើយ​លោក Sarri ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ពេល​វេលា​របស់​កីឡាករ​​ជម្រើស​ជាតិ​អង់​គ្លេស​រូប​នេះជាមួយ​ក្លឹប Chelsea ​អាច​នឹង​ជិត​ដល់​ទី​បញ្ចប់​ហើយ។

Maurizio Sarri
អ្នក​ចាត់​ការ​ក្លឹប Chelsea គឺ​លោក Maurizio Sarri

លោក Sarri បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ “ខ្ញុំ​គោរព​ Cahill ព្រោះ​គេ​ធ្លាប់​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​រង្វាន់​​ជា​​ច្រើន។ខ្ញុំ​ត្រូវ​បំពេញ​តួនាទី​របស់ខ្ញុំ នៅ​គ្រប់​ការ​ប្រកួត​ ខ្ញុំ​ត្រូវ​ជ្រើស​រើស​កីឡាករ។ សម្រាប់​ខ្ញុំ​ គេ​មិន​អាច​ធ្វើ​ជា​កីឡាករ​បម្រុង​បានទេ”។ ចំពោះ​ការ​ចាក​ចេញ​របស់ Cahill លោក​ Sarri បាន​និយាយ​បន្ត​ទៀត​ថា៖ “នេះ​មិន​ឋិត​លើការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​អាស្រ័យ​លើ​ក្លឹប និង​រូប​គេ​ផ្ទាល់។

Cahill បាន​ផ្ទេរ​មក​ពី​ក្លឹប Bolton Wanderers កាល​ពី​ខែ​មករា​ឆ្នាំ២០១២ ហើយ​បាន​ជួយ​ឲ្យ​ Chelsea ឈ្នះ​ពាន​ Premier league​ ២លើក និង​ Champions league ១លើក​ក្នុង​ឆ្នាំ២០១២ និងEuropa league​ ក្នុងឆ្នាំ​២០១៣។

Cahill ក៏​ធ្លាប់​បាន​លើក​ពាន FA Cup ២លើក​ និង​ពាន League Cup ជា​មួយ​ Chelsea ដែរ ប៉ុន្តែ​លោក Sarri បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​​ ក្លឹប​មិន​មាន​ទំនោរ​នឹង​ផ្ដល់​កុង​ត្រា​រយៈ​ពេល​យូរ​ដល់​កីឡាករ​ដែល​មាន​វ័យ​លើស​ពី​ ៣០ឆ្នាំ​នោះទេ៕