ខ្សែ​ប្រយុទ្ធ ​Abban James Kwame ជនជាតិ​ហ្គាណា ដែល​ទើប​តែ​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជាក្រោយ​គេ ដោយ​​ចូលរួម​ជាមួយ​ក្រុម​សូលទីឡូអង្គរ បាន​និយាយ​ពី​របៀប​លេង​នៅ​លីគ​កំពូលកម្ពុជា (Metfone Cambodian League 2018) ថា​ មាន​ភាពខុសគ្នាច្រើន បើធៀបនឹងលីគកំពូលហ្គាណា និង អ៊ីរ៉ាក់​ ដែល​ខ្លួន​ធ្លាប់​ប្រកប​អាជីព​កន្លងមក ។

photo of ​Abban James Kwame
ខ្សែ​ប្រយុទ្ធ ​Abban James Kwame

ម្ចាស់​អាវ​លេខ​៩០ ​ក្នុង​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាបមួយ​នេះ​ បានលើក​ឡើង​ថា “ក្រោយ​ចូល​លេង​បាន​១​ប្រកួត ​ជាមួយ​ក្រុម​​ណាហ្គាកន្លង​ទៅ ខ្ញុំអាច​យល់បានពីចំណុចខុសគ្នាមួយចំនួន។ ជាការពិត​កម្រិត​លេង​នៅ​ទីនេះ​ (កម្ពុជា) ទាប​ជាង​នៅ​លីគ​ហ្គាណា និង អ៊ីរ៉ាក់ បន្តិច ហើយសម្បូរកីឡាករក្មេងៗ​ ប៉ុន្តែ​ពួក​គេ​ប្រឹង​លេង​ចេញ​ពី​បេះដូង។ កីឡាករភាគច្រើនមានមាឌតូចៗ តែល្បឿន ចលនា​ ពិសេស​បច្ចេកទេស​ពឹតពាំង​ការពារ​បាល់​ពួក​គេ គឺល្អមែនទែន។ ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំដឹងថា ធ្វើអត់ទាន់បានល្អប៉ុន្មានទេ​ តែ​មក​ទល់​ពេល​នេះ ខ្ញុំចាប់ផ្ដើមយល់ច្រើនពីរបៀបលេងនៅកម្ពុជា” ។

កីឡាករវ័យ​ឆ្នាំ​២៧​រូប​នេះ ​ទទួល​ស្គាល់​ថា ខ្លួន​ពុំ​ទាន់​យល់​ពី​របៀបលេងរបស់គ្រូបង្វឹក និង​មិត្តរួម​ក្រុម​បាន​ល្អ​នៅ​ឡើយ ប៉ុន្តែ​រូប​គេ​បាន​តាំង​ចិត្ត​ព្យាយាម​សម្រប​ខ្លួន​ឲ្យ​បានលឿនបំផុត​ ដើម្បី​ជួយ​ក្រុម​រក​លទ្ធផល​គាប់​ប្រសើរ។ តាម​ពិត​ទៅ​កីឡាករ Abban James Kwame ត្រូវ​បាន​ចុះបញ្ជី​តាំង​ពី​ដើម​រដូវកាល​មកម្ល៉េះ​​ ជាមួយ​ក្រុម​សូលទីឡូអង្គរ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ដោះ​ដូរ ​រវាង​ សូលទីឡូ និង ក្លឹបចាស់របស់គេ ទើបធ្វើឲ្យ James​ មក​ដល់​កម្ពុជា ​នៅ​ត្រឹម​សប្ដាហ៍ទី៦ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ​ឆ្នាំ​២០១៨ ថ្មីៗ​នេះ ​។

photo of  ​Abban James Kwame
ខ្សែ​ប្រយុទ្ធ ​Abban James Kwame

កីឡាករ ABBAN JAMES KWAME ធ្លាប់មានប្រវត្តិ​ប្រកប​អាជីព ​នៅ​ក្លិប​ Medeama S.C សមាជិក​លីគ​កំពូល​ប្រទេស​ហ្គាណា ចាប់​ពី​ឆ្នាំ​២០១៣ ដល់​២០១៧ មុនផ្លាស់ទៅចូលរួមជាមួយក្លិប Al-Talaba SC របស់​លីគ​កំពូល​អ៊ីរ៉ាក់ រយៈពេល​១រដូវកាល ។