​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Dynamo Kyiv ​នៅ​រាត្រី​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

Sergio Agüero
Sergio Agüero

​នៅ​រាត្រី​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ពិត​ ជា​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​ហើយ ព្រោះ​ប្រកួត​២​ប្រកួត​កន្លង​មក ពួកគេ​បរាជ័យ​ទាំង​២​ប្រកួត​ទៅ​ហើយ។ ​ប៉ះ​ក្រុម Dynamo Kyiv ​ដែល​ជា​ក្រុម​ខ្សោយ​មួយ​ដែរ​នោះ ​ទាមទារ​ដាច់​ខាត​ណាស់ ​គឺ​៣​ពិន្ទុ​ឱ្យ​បាន ដើម្បី​បន្ដ​ក្ដី​សង្ឃឹម​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត​បាន។

ជាមួយ​ការ​ទាមទារ​នេះ​ដែរ Aguero ​ខ្សែ​ប្រយុទ្ធ​ទើប​ជា​សះស្បើយ​ពី​របួស​របស់​ក្រុម Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “យើង​ត្រូវ​តែ​ឈ្នះ ព្រោះ​ប្រសិន​បើ​យើង​មិន​អាច​ឈ្នះ​ទេ យើង​ស្ទើរ​តែ​ធ្លាក់​ចេញ​ហើយ។ យើង​កំពុង​មាន​ទំនុក​ចិត្ត និង​យើង​មាន​មនុស្ស​ដែល​អាច​ជួយ​យើង​ឱ្យ​លេង​បាន​ល្អ​បំផុត​បាន”។

​ក្រុម​របស់​លោក​ Ronald Koeman ​ស្ថិត​នៅ​ពូល​ E ​នៃ​ពាន​រង្វាន់ UEFA Champions League។ ​២​ប្រកួត​កន្លង​មក​នេះ ​ពួកគេ​បរាជ័យ​ទាំង​២​ប្រកួត ដោយ​ចាញ់ Bayern Munich ​៣-0 ​និង​ចាញ់ Benfica ​៣-០ ​ដែរ។ បច្ចុប្បន្ន​ស្ថិត​នៅ​បាត​តារាង ​ឆ្លង​កាត់​២​ប្រកួត។ ​ក្រុម Dynamo Kyiv ​ដែល​ត្រូវ​ប៉ះ​រាត្រី​នេះ ​ស្ថិត​នៅ​លេខ​៣ ​មាន​១​ពិន្ទុ៕