អ្នក​ចាត់​ការ Massimiliano Allegri បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​បាន​បដិសេធ​​សំណើ​របស់ Real Madrid ដើម្បី​​ក្ដោប​ឱកាស​មក​ដឹក​នាំ Juventus ម្ដង​ទៀត។

Massimiliano Allegri
Massimiliano Allegri

Allegri បាន​បង្ហាញ​ខ្លួន​ផ្លូវការ​ជា​​អ្នក​ចាត់​ការ​ថ្មី​របស់ Juventus កាល​ពី​ម្សិលមិញ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​បុរស​សញ្ជាតិ​អ៊ីតាលី​មក​កាន់ Juventus បន្ទាប់​ពី​ក្លឹប​បាន​បណ្ដេញ​លោក Andrea Pirlo កាល​ពី​បញ្ចប់​រដូវ​កាល។

មាន​ក្លឹប​ជា​ច្រើន​​បាន​ចាប់​អារម្មណ៍​លើ​លោក Allegri ក្នុង​នោះ​មាន​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​ដូច​ជា Man United, Arsenal និង Chelsea ហើយ​នៅ La Liga មាន​ Real Madrid។ ប៉ុន្តែ​ចុង​ក្រោយ​លោក​សម្រេច​ចិត្ត​មក Juventus វិញ។

ក្នុង​សន្និសីទកាសែត​បង្ហាញ​ខ្លួន​ម្សិលមិញ​ បុរស​វ័យ​​៥៣​ឆ្នាំ​បាន​និយាយ​ថា អរគុណ​សម្រាប់ Real Madrid ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ។ លោក​សម្រេច​ចិត្ត​មក Juventus ព្រោះ​តែ​​ក្ដី​ស្រឡាញ់​ចំពោះ​ក្លឹប​នេះ ហើយ​លោក​ជឿជាក់​លើ​ក្លឹប​វ័យ​ក្មេង​មួយ​នេះ។

Allegri បាន​ចាកចេញ​ពី Juventus កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៩ បន្ទាប់​ពី​ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន Serie A បាន​៥រដូវ​កាល​ជាប់​គ្នា និង​ដឹកនាំ​​ក្លឹប​ឡើង​​ផ្ដាច់ព្រ័ត្រ Champions League ២​ដង៕