Alves ចាកចេញពី Barcelona ជាលើកទីពីរ ក្រោយក្លឹបមិនបន្តកុងត្រាថ្មី
ខ្សែការពារស្ដាំ Dani Alves បានប្រកាសថា គេនឹងចាកចេញពី Barcelona ជាលើកទីពីរ ក្រោយត្រលប់ចូលរួមជាមួយក្លឹបកាលពីឆ្នាំមុន។

កីឡាករវ័យ៣៩ឆ្នាំបានត្រលប់ចូលរួមជាមួយ Barca កាលពីខែវិច្ឆិកា ៥ឆ្នាំក្រោយចាកចេញពីកីឡដ្ឋាន Nou Camp ផ្ទេរទៅកាន់ Juventus។ ការមកលេងឲ្យ Barcelona ដោយសារតែ Alves ចង់ជួយក្រុមចាស់របស់ខ្លួនដែលកំពុងស្ថិតក្នុងពេលវេលាដ៏លំបាក និងចង់មានឱកាសលេងមុន World Cup ២០២២ មកដល់។
តាមពិតទៅក្រោយបញ្ចប់ការប្រកួតចុងក្រោយនៅ La Liga កីឡាករសញ្ជាតិប្រេស៊ីលខាងលើមានបំណងចង់បន្តនៅជាមួយក្លឹប ប៉ុន្តែ Barcelona មិនពិចារណាបន្តកុងត្រាថ្មីឲ្យគេឡើយ។ សរុបទាំងអស់ Alves បានបង្ហាញខ្លួនឲ្យ Barca បាន៤០៧ប្រកួត និងឈ្នះពាន La Liga ៦ដង។
Alves បច្ចុប្បន្នកំពុងសម្រាកលំហែកាយ បន្ទាប់ពីបំពេញភារកិច្ចឲ្យជម្រើសជាតិប្រេស៊ីល ហើយពេលនេះគេក៏ដឹងខ្លួនថា ត្រូវរកក្លឹបថ្មីលេងសម្រាប់រដូវកាលថ្មីផងដែរ។ អតីតកីឡាកររបស់ក្លឹប Sao Paulo ក៏បានអរគុណដល់ Barca ដែលបានផ្ដល់ឱកាសសម្រាប់ខ្លួនក្នុងការត្រលប់មកកាន់ក្លឹបជាលើកទីពីរ៕