លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Movistar ក្រោយ​ឈ្នះ​ពាន​ UEFA Super Cup នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​លើក​ឡើង​ថា​ ខ្សែប្រយុទ្ធ​ Karim Benzema ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​នៅ​ខណៈ​នេះ​ ដោយ​លោក​ជឿជាក់​ថា​គេ​នឹង​ឈ្នះ​ពាន​ Ballon d’Or ឆ្នាំ​នេះ​។

Karim Benzema
Karim Benzema

លោក​ Ancelotti បាន​និយាយ​ថា​៖” Benzema ជា​ប្រធាន​ក្រុម​ដ៏​ល្អ​។ យើង​មក​ដល់​ចំណុច​នេះ​គឺ​ដោយ​តែ​មាន​ការ​ចូល​រួម​ចំណែក​ពី​គេ​ច្រើន​ និយាយ​ទៅ​គេ​ស៊ុត​ចូល​ចូល​ច្រើន។ អញ្ចឹង​ទាក់ទង​នឹង​រឿង​ឈ្នះ​ពាន​ Ballon d’or គឺ​គ្មាន​បញ្ហា​ចោទ​សម្រាប់​ ឬ​ក៏​សង្ស័យ​អ្វី​លើ​គេ​ទៀត​ឡើយ​ “។

លោក​បន្ត​ថា​៖” សម្រាប់​ក្លឹប​យើង​ គេ​ជា​កីឡាករ​សំខាន់​ណាស់​។ គេ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​លើ​លោក​នៅ​ខណៈ​នេះ​។ គេ​ជា​មនុស្ស​សំខាន់​ដែល​ជួយ​ឲ្យ​យើង​ឈ្នះ​បាន​ Champions League។ ពិត​ណាស់​គេ​រក​គ្រាប់​បាល់​ស៊ុត​ចូល​មិន​បាន​នៅ​ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ពេល​ប្រកួត​ដណ្ដើម​ពាន​នោះ​ តែ​គេ​ជា​អ្នក​ជួយ​ឲ្យ​ឡើង​ដល់​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​។ គេ​ស៊ុត​ចូល​យក​ឈ្នះ​ Man City, Chelsea, PSG។ គេ​សំខាន់​សម្រាប់​យើង​ណាស់​ អញ្ចឹង​គ្មាន​អ្វី​សង្ស័យ​ទៀត​ទេ​ គេ​ហ្នឹង​ហើយ​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​ពេល​នេះ​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បញ្ជី​បេក្ខជន​​ដែល​អាច​ពាន​ Ballon d’Or នៅ​ឆ្នាំ​នេះ​នឹង​បញ្ចេញ​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​៕