Ancelotti ថាក្រុម Sheriff លេងល្អ ជាពិសេសប្រយុទ្ធលឿន
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid មិនហ៊ានមើលស្រាលដៃគូដែលជាក្រុមចំណូលថ្មី Sheriff នោះទេ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីនេះ។

អ្នកចាត់ការសំបូរបទពិសោធខាងលើបាននិយាយថាក្រុមរបស់ប្រទេសម៉ូដូរ៉ាខាងលើ ត្បិតតែមិនសូវល្បីឈ្មោះពិតមែន ប៉ុន្តែពួកគេរៀបចំក្រុមបានល្អណាស់។ Real Madrid ត្រូវប្រយ័ត្នខ្ពស់ ព្រោះ Sheriff ជាក្រុមដែលលេងប្រយុទ្ធលឿន។ តែយ៉ាងណាលោក Ancelotti ក៏រំពឹងថា Real Madrid អាចយក៣ពិន្ទុនៅក្នុងដីរបស់ខ្លួនបានផងដែរ។
និយាយពីប្រវត្តិក្លឹបថ្មីនេះបន្តិច Sheriff ជាក្រុមដែលទើបបង្កើតឡើងបាន២៤ឆ្នាំប៉ុណ្ណោះក្នុងប្រទេសម៉ូដូរ៉ា។ តែការទទួលបានការវិនិយោគច្រើន ទើបបានជាក្លឹបនេះទទួលបានជោគជ័យក្នុងប្រទេស រហួតមានឈ្មោះលេងពានរង្វាន់ UEFA Champions League នារដូវកាលនេះបាន។ អ្វីដែលកាន់តែធ្វើឱ្យគេចាប់អារម្មណ៍ថែមទៀតនោះ គឺពួកគេបើកឆាកយកឈ្នះក្រុម Shakhtar របស់អ៊ុយក្រែនបានក្នុងលទ្ធផលដល់ទៅ ២-០៕