Antoine Griezmann ត្រូវតតាំងជាមួយអតីតក្លឹបរបស់ខ្លួន សំរាប់ការប្រកួតដំបូងឲ្យ Barcelona
ហេតុផលសំខានមួយដែល Antoine Griezmann សំរេចចិត្តចាកចេញពី Atletico Madrid ទៅចូលរួមជាមួយ Barcelona កាលពីរដូវក្ដៅកន្លងទៅ ដោយសារតែរូបគេ ចង់ឈ្នះពានជាច្រើន។

អតីតនិង ក្លឹបបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងត្រូវប៉ះគ្នា ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Supercopa De Espana ដែលនឹងប្រព្រឹត្តទៅនៅ ប្រទេសអារ់ាប៊ីសាអ៊ូឌីត នៅក្នុងខែមករាខាងមុខនេះ។
កាលលេងឲ្យក្រុមអធិរាជក្រហមស Griezmann បានជួយពួកគេឈ្នះពាន Supercopa De Espana, Europa League និង UEFA Super Cup។ ហើយរូបគេនឹងត្រូវប្រឈមមុខជាមួយនឹង អតីតមិត្តរួមក្រុមដែលមានដូចជា Koke, Saul និង Jan Oblak ជាដើម ដើម្បីអាចលើកពានដំបូងគេ សំរាប់ក្រុមអ្នកមានបុណ្យ។
សំរាប់រដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ ហាក់ពុំបានបង្ហាញទម្រង់លេងល្អដូចការរំពឹងទុកនោះទេ សំរាប់ការផ្ទេរមកកាន់ទឹកដី Camp Nou។ រូបគេត្រូវធ្វើដំណើរទៅកាន់ទឹកដី Wanda Metropolitano នៅថ្ងៃទី១ ខែធ្នូខាងមុខនេះ សំរាប់ការប្រកួត La Liga មុនប៉ះអតីតក្រុមរបស់ខ្លួនសារជាថ្មី នៅខែមករា៕