Antoine Griezmann អាចនឹងត្រូវ La Liga ប្លុកការផ្ទេរពី Atletico ទៅ Barcalona

ការផ្ទេររបស់ខ្សែប្រយុទ្ធ Antoine Griezmann ទៅកាន់ក្លិប Barcelona អាចនឹងត្រូវប្លុក ដោយសារតែជម្លោះលើតម្លៃខ្លួន។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Javier Tebas ដែលជាប្រធានរបស់ក្របខ័ណ្ឌ La Liga។
ក្លិប Atletico Madrid បានដាក់ពាក្យបណ្តឹង ក្រោយពីក្លិប Barca បានប្រកាសថា ពួកគេបានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បន្ទាប់ពីបានចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន ១២០លានអឺរ៉ូ (ស្មើនឹង១៣៤លានដុល្លារអាមេរិក) កាលពីថ្ងទី១២ ខែកក្កដា។ ទឹកប្រាក់ក្នុងលក្ខខណ្ឌរំលាយកិច្ចសន្យាបានថយចុះពី ២០០លានអឺរ៉ូ មកនៅត្រឹម ១២០លានអឺរ៉ូ កាលពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែ ក្លិប Atletico បានអះអាងថា ការផ្ទេរនេះ ត្រូវបានបំពេញ នៅមុនពេលកាលបរិច្ឆេទនោះ ហើយថា ពួកគេគួរតែទទួលបានតម្លៃខ្លួនច្រើនជាងនេះ។

លោក Tebas បានប្រាប់កាសែត Onda Cero ថា៖ «វាអាចទៅរួចក្នុងការលុបចោលការផ្ទេររបស់កីឡាករម្នាក់។ ក្របខ័ណ្ឌ La Liga នឹងត្រូវតែសម្រេចចិត្តទៅលើចំណាត់ការដែលត្រូវធ្វើឡើង»។ Griezmann បានលេងការប្រកួតមិត្តភាព ១លើករួចជាស្រេចសម្រាប់ក្លិបថ្មីរបស់គេ ពោលគឺក្នុងពេលក្រុមខ្លួនចាញ់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Chelsea ក្នុងប្រទេសជប៉ុន។ លោក Tebas បានបញ្ជាក់ថា៖ «ក្លិប Atletico បានដាក់ពាក្យបណ្តឹងមួយ និងធ្វើឲ្យយើងស្ថិតក្នុងការពិចារណាថា តើយើងគួរតែបញ្ជូនលិខិតអនុញ្ញាតរបស់ Griezmann ទៅកាន់ក្លិប Barcelona ឬយ៉ាងណា»។ លោកបានបន្ថែមទៀតថា៖ «យើងកំពុងតែសិក្សាលើករណីនេះ ហើយបញ្ហានេះ នឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ»៕
