ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានដាក់គោលដៅចង់បានខ្សែការពារកំពុងឡើងជើងរបស់ក្លិបបិសាចក្រហម Mancester United កីឡាករ Chris Smalling

photo of Chris Smalling
កីឡាករ Chris Smalling
Smalling បានចាកចេញពីក្រុម Man Utd កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីការមកដល់របស់ កីឡាករ Harry Maguire ដោយបានទៅចូលរួមជាមួយក្រុម Roma ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។

កីឡាករវ័យ ៣០ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ អំឡុងពេលពីរបីខែដំបូងរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ហើយបច្ចុប្បន្នក្លិបនៅក្របខណ្ឌ Serie A មួយនេះមានបំណងចង់ទិញយករូបគេផ្ដាច់តែម្ដងពី Man Utd ។ ​

យ៉ាងណាមិញយោងតាមកាសែត Sunday Mirror បានឲ្យដឹងថា ក្លិប Arsenal បានចូលរួមប្រជែងជាមួយនឹងក្លិប Roma ក្នុងការដណ្ដើមយកកីឡាកររូបនេះមកពង្រឹងតំបន់ការពារក្នុងក្រុម ដោយក្លិបកាំភ្លើងធំបានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅកាន់ប្រទេសអ៊ីតាលី ដើម្បីតាមដានពីសមត្ថភាពនិងទម្រង់លេងរបស់​Smalling។

ប្រភពដដែលបានបន្ថែមទៀតថា ក្លិប Everton និង Leicester City ក៏ចាប់អារម្មណ៍ចង់បាន Smalling ដែរ ខណៈ United ទាមទារតម្លៃ១៨លានផោន (ឬប្រហែល ២៣,៦លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាខ្សែការពារកណ្ដាល កីឡាករ Chris Smalling បានជាប់ក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុម Roma បានចំនួន១៤ ប្រកួតក្នុងរដូវកាលនេះ​ដោយស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង៕