ក្លិបកាំភ្លើងធំ Arsenal អាចនឹងខ្ចីជើងយកខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Luka Jovic ក្នុងរយៈពេលខ្លី ប្រសិនបើពួកគេ បរាជ័យក្នុងការបញ្ចុះបញ្ចូល យកខ្សែប្រយុទ្ធ Dusan Vlahovic មករួមក្រុមក្នុងខែមករានេះ។

Luka Jovic
Luka Jovic

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Mikel Arteta មានបំណងនាំចូល ខ្សែប្រយុទ្ធមកបន្ថែមក្នុងក្រុម ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទទ្វារ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។

ប៉ុន្តែក្ដីសង្ឃឹម ក្នុងការចុះកិច្ចសន្យាយក តារាឆ្នើមក្រុម Fiorentina កីឡាករ Vlahovic ហាក់កាន់តែឆ្ងាយទៅៗ បើទោះជាព្យាយាម យ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើកិច្ចព្រមព្រៀង ម្ដងហើយម្ដងទៀតក៏ដោយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប Arsenal កំពុងពិចារណា បង្វែរគោលដៅទៅរកដៃគូរួមជម្រើសជាតិ របស់ Vlahovic កីឡាករ Luka Jovic ។

គួរបញ្ជាក់ដែរថា Fiorentina បានត្រៀមរួចរាល់ ក្នុងការទទួលចំណូលពីការលក់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដោយ Arsenal គ្រោងនឹងចាយ៥០លានផោន បូកបន្ថែមនឹងការផ្ដល់ Lucas Torreira ទៅកាន់ក្លិប Serie A មួយនេះ ដើម្បីសម្រេចកិច្ចព្រមព្រៀង។

ប៉ុន្តែមូលហេតុដែល Arsenal ពិបាកនឹងយក Vlahovic គឺដោយសារខ្សែប្រយុទ្ធរូបនេះ មានចិត្តចង់ផ្លាស់ទៅក្លិបសេះបង្កង់ Juventus ច្រើនជាង៕