ក្រោយ​ចំណាយ​ពេល​ជិត ​22ឆ្នាំ Arsene Wenger បាន​លើក​ដៃ​លា​​ចុងក្រោយ​ទៅ​កាន់​អ្នក​គាំទ្រ​ Arsenal ​រាប់​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន Emirates ទាំង​អាល័យ​កាល​ពី​យប់​មិញ។ ការ​ប្រកួត​ក្នុង​លីគ Arsenal នៅ​សល់ 2​ប្រកួត​ក្នុង​ដៃ​ទៀត តែ​លេង​ក្រៅ​ដី​ទាំងអស់។ ដោយ​សារ​តែ​យប់​មិញ​ជា​ការប្រកួត​ក្នុង​ដី​ចុងក្រោយ​របស់ Arsenal ទើប​គេ​ជ្រើសរើស​វេលា​​នោះ​ជា​ការ​លា​ចុងក្រោយ​របស់ Wenger។

photo of Arsène Wenger
Arsène Wenger Manager of Arsenal

ពិតណាស់ ថ្មីៗនេះគ្រូបង្វឹកសញ្ចាតិបារាំងរូបនេះ បានប្រកាសជាផ្លូវការពីការលាលែងចេញពីតំណែង ក្នុងការដឹកនាំ Arsenal ក្រោយបញ្ចប់រដូវកាលនេះ ខណៈលោកបានមកដឹកនាំក្រុមមួយនេះ តាំងពី​ថ្ងៃ​ទី 1ខែ តុលា ឆ្នាំ 1996 និង​ជួយ​ក្លឹប​ឈ្នះ Premier League  3ដង, FA Cup 7ដង។

Wenger និយាយថា «ខ្ញុំសូមអរគុណ Arsenal ដែលបានជឿជាក់លើខ្ញុំកន្លងមក។ ខ្ញុំគឺជាអ្នកគាំទ្រក្លឹបនេះ។ ខ្ញុំនឹងគាំទ្រអ្នកជារៀងរហូត។ ខ្ញុំសូមអរគុណដល់អ្នករាល់គ្នា នៅក្នុងក្លឹប ដែលបានធ្វើឲ្យក្រុមមួយនេះ ក្លាយទៅជាក្រុមដ៏អស្ចារ្យ។ ខ្ញុំសង្ឃឹមថា យើងនឹងជួបគ្នាម្តងទៀត»៕