ក្លិបតោខៀវ Chelsea និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Marco Asensio ពីក្លិប Real Madrid បន្ទាប់ពីឃើញថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួត។

Marco Asensio
Marco Asensio

កុងត្រារបស់ Asensio ក្នុងការស្នាក់នៅទឹកដី Santiago Bernabeu នឹងផុតកំណត់នៅរដូវកាលក្រោយដូច្នេះ Chelsea ដាក់គោលដៅចង់បានគេយកមកជំនួស Hakim Ziyech, Kai Havertz និង Timo Werner ជាដើមនិងអាចចាប់ផ្ដើមដាក់សំណើទិញយកគេនៅរដូវក្ដៅខាងមុខ។

PSG ឯណោះវិញដឹងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះទើបចង់បាន Marco Asensio មកជំនួសកន្លែង។

គួរបញ្ជាក់ផងដែរថា  Asensio បានផ្ទេរពីក្លិប Real Mallorca មក Real Madrid កាលឆ្នាំ២០១៦ ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួត នៅរដូវកាល ២០១៧/២០១៨ មុននឹងរងរបួសជង្គង់ធ្ងន់ធ្ងរកាលឆ្នាំ ២០១៩៕