Atletico Madrid
Atletico Madrid ​ធ្លាក់​ចេញ​ពី​ពាន Copa del Rey ​ក្រោម​ថ្វី​ជើង​ក្រុម Girona

ក្លឹប​ខ្លាំង Atletico Madrid ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Copa del Rey ​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​ក្រោម​ថ្វី​ជើង​ក្រុម​មិន​ខ្លាំង Girona ​កាល​ពី​យប់មិញ។

ការ​ធ្លាក់​របស់ AT Madrid ​នេះ គឺ​ដោយសារ​តែ​ពួកគេ​លេង​បាន​ស្មើ ៣-៣ ​ក្នុង​ដី​ខ្លួន​ឯង ​ស្រប​ពេល​កាល​លេង​នៅ​ទឹក​ដី Girona ​នោះ ​ក៏​ស្មើ​គ្នា​ដែរ ក្នុង​លទ្ធផល ១-១​។ ដូច្នេះ​ហើយ ​គិត​តាម​រូបមន្ដ​គ្រាប់​ក្រៅ​ដី នោះ​ក្រុម Girona ​ជា​ក្រុម​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ។ នេះ​ជា​ការ​ធ្លាក់​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ត្បិត​អី​ក្រុម AT Madrid ​នេះ​ ជា​ក្រុម​ខ្លាំង ​មិន​ងាយ​មាន​ក្រុម​ណា​អាច​យក​ឈ្នះ​ពួកគេ​ឬ​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​យ៉ាង​នេះ​ក្នុង​ដី​បាន​ឡើយ។

យ៉ាងណាមិញ​បើ​មើល​ទៅ​លើ​លទ្ធផល​ឯ​ណោះ​វិញ ​ក្រុម Real Madrid ​ក៏​បរាជ័យ​ក្រោម​ថ្វី​ជើង ​Leganes ​ក្នុង​លទ្ធផល ១-០ ​ដែរ ​នៅ​ជើង​ទី​២​នេះ។ ប៉ុន្តែ Real ​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ដ ​ដោយសារ​តែ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០ ​ទៅ​ហើយ៕