ខ្សែប្រយុទ្ធ​ Gareth Bale បាន​ធ្វើការ​ប្រកាស​ចាកចេញ​ពី​ក្លឹប​ Real Madrid ចាប់​ពី​រដូវកាល​ក្ដៅ​ខាង​មុខ​នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​បាន​ធ្វើ​ការ​ចេញ​សារ​ រួម​ជា​មួយ​វីដេអូ​សម្រាប់​អរគុណ​ទៅ​ដល់​អ្នកគាំទ្រ​ និង​ក្លឹប​ដែល​ធ្លាប់​រួម​រស់​អស់​រយៈពេល​ ៩ឆ្នាំ​។

Gareth Bale
Gareth Bale

ក្នុង​សារ​នេះ​ Bale បាន​លើក​ឡើង​ដោយ​ថា​ ការ​មក​លេង​នៅ​ Real នេះ​គឺ​បាន​បំពេញ​ក្ដី​ស្រមៃ​ដែល​គេ​ធ្លាប់​ចង់​បាន​តាំង​ពី​វ័យ​ក្មេង​កន្លង​មក​ ហើយ​ការ​​មក​លេង​នៅ​ទី​នេះ​គឺ​ផ្ដល់​បទពិសោធន៍​ដល់​គេ​យ៉ាង​អស្ចារ្យ​បំផុត​ ដែល​ខ្លួន​គេ​មិន​អាច​បំភ្លេច​បាន​។

Bale បាន​មក​លេង​ឲ្យ​ Real Madrid តាំង​ពី​ឆ្នាំ​២០១៣មក​ ដោយ​ចូល​រួម​លេង​បាន​ ២៥៨ប្រកួត​ និង​ស៊ុត​ចូល​១០៦គ្រាប់​។ កីឡាករ​នេះ​ឈ្នះ​ពាន​តូច​ធំ​ជា​មួយ​ក្លឹប​នេះ​ច្រើន​ឲ្យ​ដោយ​ជា​ពិសេស​គឺ​ពាន​ធំ​ៗ​ដូច​ជា​ Champions League ឈ្នះ​រហូត​ទៅ​ដល់​៥ដង​ និង​ La Liga ចំនួន​៣ដង​។

សម្រាប់​រដូវកាល​មុខ​ Bale មិន​ទាន់​ដឹង​ថា​នឹង​ផ្លាស់​ទៅ​លេង​នៅ​ទី​ណា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ចុះ​ផ្សាយ​កន្លង​ទៅ​នេះ​ Bale អាច​មាន​ជម្រើស​ទៅ​លេង​នៅ​ Spurs, Cardiff City ឬក៏​ក្លឹប​នៅ​ MLS ៕