ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់ការចាប់អារម្មណ៍ចង់បានខ្សែបម្រើកណ្ដាលរបស់ក្លិប Brescia កីឡាករ Sandro Tonali ក្នុងគោលបំណងចង់បានកីឡាកររូបនេះមកជំនួសតំណែងកីឡករ Sergio Busquets។

យោងតាមកាសែត Don Balon បានឱ្យដឹងថា ក្លិប​Barcelona គ្រោងនឹងស្វែងរកអ្នកជំនួសកីឡាករ Busquets នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដោយក្លិបសម្លឹងឃើញកីឡាករ Tonali ជាបេក្ខភាព១រូបដ៏ស័ក្ដិសមដើម្បីមកបំពេញតួនាទីរបស់កីឡាករ Busquets ដែលមានវ័យកាន់តែជ្រេ ដោយបច្ចុប្បន្នខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ មានវ័យ៣១ឆ្នាំទៅហើយ។

photo of Sergio Busquets
Sergio Busquets

តាមរយៈប្រភពដដែលបានបន្តឱ្យដឹងទៀតថា មានក្លិបធំៗជាច្រើននៅអឺរ៉ុបក៏ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះផងដែរ រួមមានក្លិប Liverpool, Juventus និង Bayern Munich ដោយបច្ចុប្បន្នខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រមាណ ២៥លានអឺរ៉ូ (ឬប្រហែល២៧លានដុល្លារអាមេរិក)។

photo of Sandro Tonali 
កីឡាករ Sandro Tonali

គួររម្លឹកផងដែរថា កីឡាករ Sandro Tonali បានតម្លើងអោយមកលេងក្នុងក្រុមឈុតធំរបស់ក្លិប Brescia នៅរដូវកាលមុននេះ ចំណែកឯក្នុងរដូវកាលនេះរូបគេបង្ហាញខ្លួនអោយក្លិប Brescia បាន៧ប្រកួត និងជួយបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន២ដង៕