​អ្នក​ចាត់ការ​ក្រុម Barcelona លោក ​Quique Setien ​បាន​បញ្ជាក់​ថា​លោក​រំពឹង​នឹង​មាន​វត្តមាន​កីឡាករ​ថ្មី​នៅ​ខែ​មករា​នេះ​មក​រួម​ក្រុម ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​មិន​ខាន​។

photo of ​Quique Setien
លោក ​Quique Setien

ទំនង​ជា​ដល់​ពេល​ហើយ​ដែល​ក្លឹប Barcelona ចាំ​បាច់​ត្រូវ​ខ្វាត់ខ្វែង​ស្វែង​រក​អ្នក​ត្រៀម​ជំនួស Luis Suarez។ ដោយ​ស្ថានភាព​របួស​រយៈ​ពេល​យូរ ក៏​ប្រហែល​ជា​នឹង​ដល់​ពេល​ដែល​កីឡាករ​អ៊ុយរុយហ្គាយ​ត្រូវ​ចាកចេញ​ឬ​ផ្លាស់​ទៅ​ទ្រនំ​នៅ​អាមេរិក​ណា​មួយ​ដែរ។

photo of Luis Suarez
Luis Suarez

Barcelona ​បច្ចុប្បន្ន​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ម្នាក់ ​មក​ជំនួស​តំណែង​របស់ Suarez ​ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​ជា​ផ្លូវការ​នោះ​ទេ។ ​យ៉ាងណាមិញ ​លោក Setien ​មាន​ទំនុក​ចិត្ត​ថា​កីឡាករ​ថ្មី​នឹង​បង្ហាញ​មុខ​ឆាប់​ៗ​នេះ​ហើយ ​ដែល​អាច​នឹង​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ផង​ដែរ។

លោក ​Quique Setien បាន​និយាយ​ថា​៖ “ការ​គ្រប់គ្រង​ការ​ប្រកួត ​គឺ​ជា​គោលដៅ​របស់​យើង។ ​យើង​ចង់​ជៀសវាង​ការ​វាយ​បក​របស់​គូ​សត្រូវ​របស់​យើង។ យើង​នឹង​គ្រប់​គ្រង​ការ​ប្រកួត​ឱ្យ​បាន​ច្រើន។ ​អវត្តមាន​របស់ Suarez ​គឺ​យើង​ត្រូវ​ការ​កីឡាករ​ថ្មី​មក​រួម​ក្រុម។ ​ខ្ញុំ​មិន​បដិសេធ​នោះ​ទេ ​ថា​ប្រសិន​បើ​មាន​កីឡាករ​ថ្មី​មក​នៅ​ខែ​មករា គឺ​ពិត​ជា​ល្អ។ តែ​បើ​មិន​មាន​ទេ ខ្ញុំ​ក៏​ពេញ​ចិត្ត​ចំពោះ​សមាជិក​ក្រុម​ដែល​មាន​ផង​ដែរ”៕