បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona បានចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធរបស់ Inter Milan កីឡាករ Lautaro Martinez នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដោយគ្រោងនឹងចំណាយទឹកប្រាក់ ១១០លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រាតែម្ដង។

photo of  Lautaro Martinez
កីឡាករ Lautaro Martinez

ជើងឯក La Liga រដូវកាលមុន Barcelona កំពុងសម្លឹងមើលខ្សែប្រយុទ្ធចំណូលថ្មីបន្ថែម ដើម្បីត្រៀមជំនួសកន្លែងរបស់ Luis Suarez ដោយខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយបានប្រាប់ក្លិបឲ្យធ្វើដូច្នេះ ដោយសារគេមានវ័យកាន់តែច្រើនហើយ។

photo of Luis Suarez
Luis Suarez

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Diario Sport ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lautaro Martinez គឺជាគោលដៅចម្បងរបស់លោក Ernesto Valverde ក្នុងការនាំយកមកកាន់កីឡដ្ឋាន Camp Nou នៅខែមករា ប៉ុន្តែក្លិបអ៊ីតាលី Inter Milan មិនមានចេតនាលក់ខ្សែប្រយុទ្ធរូបនេះមកឲ្យ Barcelona នោះទេ។

​​​​

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ដោយសាការមិនពេញចិត្តនឹងការលក់របស់ក្រុមលោក Antonio Conte បានធ្វើឲ្យ Barcelona រៀបចំចាយលុយ ១១០លានផោន ដើម្បីចរចាទិញផ្ដាច់កុងត្រា និងជាការទាក់ចិត្តកីឡាករផ្ទាល់ឲ្យផ្លាស់មកកាន់ទឹកដីអេស្ប៉ាញ។

គួរឲ្យដឹងដែរថា Lautaro Martinez បានផ្លាស់ពីក្លិបអាហ្សង់ទីន Racing Club មកចូលរួមជាមួយ Inter Milan កាលពីរដូវក្ដៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ។ នៅរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Martinez ចូលលេងឲ្យ Inter Milan បាន២០ប្រកួត រកគ្រាប់បាល់បាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន៥ដង៕