photo of Neymar
កីឡាករ Neymar

អ្នករាយការណ៍របស់ BBC បានផ្សាយថា Barcelona និង Real Madrid បានដាក់សំណើបរាជ័យដូចគ្នាក្នុងការព្យាយាមប្ដូរយក Neymar ពី Paris St Germain។

Barcelona បានដាក់សំណើជាលុយ១០០លានអឺរ៉ូបូក Philippe Coutinho ទៅឱ្យ PSG។ Ivan Rakitic ក៏ត្រូវបានយកមកពិភាក្សាជាមួយក្លិបយក្សបារាំងផងដែរសម្រាប់ជាផ្នែកនៃកិច្ចព្រមព្រៀងប្ដូរយកខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលវ័យ២៧ឆ្នាំ។ តែ PSG មិនទទួលយក។

photo of Neymar
Neymar

ចំណែក Real Madrid វិញបានដាក់សំណើជាលុយបូកទាំង Gareth Bale និង James Rodriguez ទៅ PSG។ PSG ស្នើយក Vinicius Junior តែ Real មិនបញ្ចូលខ្សែប្រយុទ្ធប្រេស៊ីលវ័យក្មេងដ៏មានទេពកោសល្យរូបនេះឡើយ។

តាមដឹង PSG ចង់លក់ Neymar ទៅឱ្យ Real ជាងទៅឱ្យ Barca។

photo of Neymar
Neymar

សូមរំឭកថា Neymar បានក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ពេលគេផ្លាស់ទៅ Barca ទៅ PSG ក្នុងឆ្នាំ២០១៧ តម្លៃ២២២លានអឺរ៉ូ ដែលជាតម្លៃបង់ផ្ដាច់កុងត្រា។ គេរកបាន៣៤គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងពេល២រដូវកាលមកនេះ ខណៈបញ្ហារបួសបានបង្អាក់អាជីពរបស់គេខ្លះៗ។

ឥឡូវ Neymar លែងជាទីស្រលាញ់សម្រាប់អ្នកគាំទ្រ PSG ហើយ ក្រោយគេព្យាយាមរកវិធីដើម្បីចាកចេញពីក្លិប។ កាលពីថ្ងៃអាទិត្យ PSG មិនបញ្ចូលឈ្មោះ Neymar ក្នុងបញ្ជីប្រកួតបើកឆាកលីគកំពូលបារាំងទល់ Nimes ឡើយ ហើយអ្នកគាំទ្របានលើកបដាមានអត្ថន័យប្រាប់ Neymar ទៅឱ្យឆ្ងាយ៕