ក្លិប Barcelona បានបដិសេធសំណើសុំខ្ចីជើងកីឡាករខ្សែបម្រើ Arturo Vidal ពីក្លិប Inter Milan នេះបើតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញ។

Inter Milan បានដាក់ការចង់បានមកលើខ្សែបម្រើជម្រើសជាតិឈីលីនេះតាំងពីដើមរដូវក្ដៅលើកនេះមកម្ល៉េះ ប៉ុន្តែក្លិបនៅអ៊ីតាលីមួយនេះចង់បានក្រោមលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ខណៈសំណើនេះត្រូវបាន Barcelona បដិសេធមិនយល់ព្រមឲ្យកីឡាករដែលខ្លួនទិញមកពី Bayern Munich ជាមួយតម្លៃខ្លួន ២៧លានផោន ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ។

photo of Arturo Vidal
ខ្សែបម្រើ Arturo Vidal

ក្លិប Barcelona មានបំណងចង់លក់ Vidal ក្នុងតម្លៃដើមដែលទិញមកគឺ ២៧លានផោន ដើម្បីយកលុយទៅទិញខ្សែប្រយុទ្ធ Neymar ត្រឡប់មកកាន់កីឡដ្ឋាន Nou Camp វិញឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទ។

Neymar ត្រូវបានគេមើលឃើញថាអាចនឹងត្រឡប់មកចូលរួមជាមួយ Barcelona វិញឲ្យបានមុនថ្ងៃទី២ ខែកញ្ញា ដោយសារតែគេមិនសប្បាយចិត្តជាមួយនឹងជីវិតនៅទីក្រុងប៉ារីស និងមានបំណងងាកក្រោយមកលេងនៅទឹកដីអេស្ប៉ាញវិញ។

photo of  Neymar
កីឡាករ Neymar

ទន្ទឹមនឹងនេះផងដែរ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ក៏ចង់លក់កំពូលខ្សែប្រយុទ្ធ Neymar ចេញផងដែរបន្ទាប់ពីគេបង្ហាញអាកប្បកិរិយាមិនចង់រួមរស់ជាមួយក្លិបបន្ត ប៉ុន្តែក្លិបមានមូលដ្ឋាននៅទីក្រុងបារីស មួយនេះបានទាមទារតម្លៃខ្លួនរហូតដល់ ២២៨លានផោនឯណោះសម្រាប់ក្លិបផ្សេងៗដែលចង់បាន Neymar៕