Barcelona យក Depay ជាថ្នូរដោះដូរជាខ្សែការពារ Reguilon របស់ក្រុម Spur
ក្លិបអ្នកមានបុណ្យ Barcelona បានកំណត់គោលដៅនាំចូលខ្សែការពារស្លាបឆ្វេងរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Sergio Reguilon ដោយគ្រោងផ្ដល់កីឡាករ Memphis Depay ជាថ្នូរដោះដូរ។

បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Sport ក្លិបយក្សតំបន់កាតាឡាន់ខាងលើ កំពុងសម្លឹងរកមើលខ្សែកាពារស្លាបឆ្វេង មកត្រៀមបំពេញតួនាទីជំនួសកីឡាករ Jordi Alba ដែលមានវ័យ៣២ឆ្នាំ។ ជាមួយគ្នានេះ Reguilon ជាបេក្ខភាពមួយរូប ដែល Barca ចង់បានបំផុត ដើម្បីជំនួស Alba ។
តាមពិតទៅ ដំបូងឡើយ Barca មានបំណងចង់បានខ្សែការពារ របស់ក្លិប Valencia កីឡាករ Jose Gaya ឯណោះទេ ប៉ុន្តែកីឡាកររូបនេះ មិនមានបំណងចាកចេញពីក្លិបឡើយ ដោយកំពុងពិភាក្សាបន្តកុងត្រាថ្មីជាមួយ Valencia ។
បន្ថែមពីនេះ បើតាមប្រភពដដែល ដើម្បីជាជំនួយក្នុងការចរចា Barca គ្រោងយក Depay ទៅធ្វើជាស្ពាន ដើម្បីសម្រេចកិច្ចព្រមព្រៀង នាំយក Reguilon មកកាន់ទឹកដី Camp Nou ក៏ព្រោះថា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ រួមជាមួយខ្សែការពារ Clement Lenglet ធ្លាប់ជាគោលដៅ ដែល Spurs ចង់បានកាលពីមុន ។
គួបញ្ជាក់ដែរថា សម្រាប់រដូវកាលនេះ Reguilon តែងត្រូវបានបង្ហាញខ្លួនជាញឹកញាប់ឲ្យ Spurs តួយ៉ាងគេចូលលេងបាន២៨ប្រកួតមកហើយគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះ គេស៊ុតបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៣ដង៕