ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍មកថា បានរៀបចំសំណើលើកចុងក្រោយ ដើម្បីប្រជែងជាមួយ Real Madrid ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Neymar

photo of Neymar
Neymar

អនាគតរបស់កំពូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar កំពុងតែស្ថិតជាប្រធានបទមួយដ៏ក្ដៅកគុក សម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ បន្ទាប់ពីរូបគេ និងក្លិប PSG ផ្ទាល់ បានបង្ហាញឲ្យដឹង ដោយគ្មានលាក់លៀមអំពីចេតនាចង់ចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Paris បានទាមទារតម្លៃខ្លួនខ្ពស់សម្រាប់ Neymar ដែលក្លិបមួយនេះបានទិញកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោកគឺ ២០០លានផោន (២២២លានអឺរ៉ូ)  ដែលនេះជាហេតុផលពិបាកមួយសម្រាប់ Barcelona ព្រោះក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះ ទើបតែចំណាយទឹកប្រាក់ ១០៨លានផោន ទិញយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Greizmann។

photo of Neymar
Neymar

បើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនកាលពីម្សិលមិញ ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់សំណើ ១១០លានផោន បូកថែមម្ចាស់ពាន Ballon d’Or កីឡាករ Luka Modric ទៅឲ្យ PSG ពិចារណាក្នុងការលក់ Neymar។

យ៉ាងណាមិញ មិនឲ្យចាញ់ Real Madrid ក្លិបគូប្រជែងដ៏ធំនៅអេស្ប៉ាញ Barcelona ក៏បានដាក់សំណើទៅ PSG ដូចគ្នា ដោយមានដាក់បញ្ចូល Philippe Coutinho ផងដែរ ខណៈទំហំទឹកប្រាក់មិនត្រូវបានទម្លាយឲ្យដឹងនោះទេ នេះបើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ Sport។

photo of Neymar
Neymar

គួរបញ្ជាក់ផងដែរថា បើទោះបីជាទីផ្សារទិញកីឡាករនៅអង់គ្លេសបានបិទក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សារនៅអេស្ប៉ាញ គឺក្លិបផ្សេងៗអាចនាំចូលកីឡាកររហូតដល់ថ្ងៃទី២ ខែកញ្ញា ឯណោះ៕