ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ថាខ្សែបម្រើ Pedri នឹងក្លាយជាម្ចាស់អាវលេខ៨ថ្មីសម្រាប់រដូវកាល២០២២/២៣ ខាងមុខ។

ជាការពិតណាស់លេខ៨ នេះ ត្រូវបានប្រើប្រាស់ដោយកីឡាករចាស់វស្សា Dani Alves កាលពីរដូវកាលមុន ប៉ុ​ន្តែពេលនេះរូបគេបានចាកចេញទៅក្លិប Bosman ហើយ ក្រោយ Barcelona មិនបន្តកុងត្រាថ្មីជាមួយរូបគេ។

ហើយនៅមុន Alves គឺអាវលេខ៨នេះ គឺជាកម្មសិទ្ធរបស់អតីតប្រធានក្រុមកីឡាករ Andres Iniesta ដែលមិនត្រឹមជាកីឡាករល្អម្នាក់របស់​ Barcelona នោះទេតែគាត់ជាខ្សែបម្រើដ៏ឆ្នើមបំផុតម្នាក់ប្រចាំប្រវត្តិសាស្ត្រក្លិប។

គួររម្លឹកដែរថា Pedri បានមកចូលរួមជាមួយ Barcelona កាលពីខែសីហា ឆ្នាំ២០១៩ ប៉ុន្តែពេលនោះរូបគេ ត្រូវបានក្លិបបញ្ជូនទៅកាន់ក្រុម UD Las Palmas លេងខ្ចីជើង រយៈពេល១រដូវកាល។ ហើយនៅរដូវកាល២០២០/២១ ទើបគេបានបង្ហាញខ្លួនក្នុងឈុតធំរបស់ Barca ដោយគិតមកទល់ពេលនេះ គេបង្ហាញខ្លួនបាន៧៣ប្រកួត ស៊ុតបញ្ចូលទីបាន៨គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧ដង៕