photo of Leroy Sane
ខ្សែប្រយុទ្ធវ័យក្មេង Leroy Sane

ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានដាក់សំណើជាលើកដំបូងរបស់ពួកគេទៅកាន់ក្លឹបមេឃខៀវ Manchester City សម្រាប់ការនាំយកខ្សែប្រយុទ្ធវ័យក្មេង Leroy Sane ខណៈពេលដែលពួកគេក៏បង្ហាញលក្ខខណ្ឌផ្ទាល់ខ្លួនពិសេសៗដល់សមាជិកជម្រើសជាតិអាល្លឺម៉ង់រូបនេះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយ Goal.com ។

ការសែតដ៏ល្បីរបស់ប្រទេសអាល្លឺម៉ង់ Bild+ បានចុះផ្សាយឱ្យដឹងថា ក្រុមជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich បានដាក់សំណើរជាផ្លូវការលើកដំបូងរបស់ខ្លួនដើម្បីដេញថ្លៃទិញយកខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំ Leroy Sane ទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹប Manchester City ខណះការចរចាត្រូវបានគេរំពឹងថា នឹងកើតឡើងនៅសប្តាហ៍ក្រោយនេះ ។

photo of Leroy Sane
ខ្សែប្រយុទ្ធវ័យក្មេង Leroy Sane

ព័ត៌មាននៃការផ្តល់ជូននេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្វឹករបស់ក្រុម Bayern Munich លោក Niko Kovac ក្រោយពីត្រូវបានបង្ខំចិត្តសុំអភ័យទោសដល់ក្រុម Manchester City បន្ទាប់ពីបាននិយាយជាសាធារណៈថា លោកមានជំនឿចិត្តថានឹងទទួលបាន Sane នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ខណះតម្លៃដាក់សំណើរជាលើកដំបូងនេះមិនទាន់ត្រូវបានគេទម្លាយឱ្យដឹងនៅឡើយនោះទេ ប៉ុន្តែគេជឿជាក់ថា តម្លៃផ្ទេរតារាឆ្នើមរូបនេះមិនក្រោម ៨០ លានផោននោះឡើយ ។

សូមរំលឹកផងដែរថា កីឡាករវ័យ ២៣ ឆ្នាំ Leroy Sane ត្រូវបានក្លឹបយក្សអង់គ្លេស Manchester City នាំយកពីក្លឹបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ ២០១៦ នៅក្នុងតម្លៃផ្ទេរ ៣៧ លានផោន ខណះកាលពីរដូវកាលចាស់ខ្សែប្រយុទ្ធស្លាបរូបនេះមិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងប៉ុន្មាននោះឡើយក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយបង្ហាញខ្លួនបានតែ ៣១​ ប្រកួត ស៊ុតបាន ១០ គ្រាប់ ទើបបណ្ដាលឱ្យរូបគេកើតកូនចិត្តចង់ចាកចេញពីម្ចាស់ជើងឯកអង់គ្លេសនារដូវកាលថ្មីនេះ ៕